(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំរៀបចំ សិក្ខាសាលា «ស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ ក្រសួងធម្មការ និងសាសនា និងអង្គភាពក្រោមឱវាទ»។ អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំដោយកិច្ចសហការរវាង ក្រសួងធម្មការ និងសាសនា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា សិក្ខាសាលានេះឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ គណនេយ្យភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការ បុគ្គលិកទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត នៃក្រសួងធម្មការ និងសាសនា អំពីការកំណត់នូវវិធាន និងនីតិវិធីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្តិ។
បើតាមទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែន ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រសួងធម្មការ និងសាសនា ក៏ដូចជាសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ។ រាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិ លើទ្រព្យសម្បត្តិរដ្ឋ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ហើយការគ្រប់គ្រង, ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិ គឺស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ ប្រហាក់ប្រហែល រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ។
ក្នុងន័យនេះ ការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការលើកិច្ចការនេះ នឹងធ្វើឲ្យក្រសួងធម្មការ និងសាសនា មានធនធានមនុស្សប្រកប ដោយសមត្ថភាព ព្រោះថាមន្រ្តីរាជការ គឺជាអ្នកកាន់កាប់ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌរបស់ក្រសួង ដែលត្រូវធានាឲ្យខាងតែបានលើការងារចាំបាច់ និងចំពោះមុខដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី បានណែនាំគ្រប់អង្គភាពទាំងអស់ មានកាតព្វកិច្ចកាន់កាប់ ហើយត្រូវគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយធ្វើការរៀបចំ និងកត់ត្រា, ការបូកសរុប និងរាយការណ៍ និងការជម្រះបញ្ជី ឲ្យអនុលោមទៅតាមស្តង់ដារលិខិតបទដ្ឋានគតិយុត្ត ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ដាក់ប្រើប្រាស់៕