(ហុងកុង)៖ បន្ទាប់ពីបានចូលរួមវេទិកាកិច្ចប្រជុំជាន់ខ្ពស់ស្តីអំពីការធ្វើពាណិជ្ជកម្មកសិម្ហូបអាហាររួចមក នៅព្រឹកថ្ងៃព្រហស្បត៍ ១រោច ខែបឋមសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លៀតឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Green Island Agriculture Development Co.,Ltd. នៅទីតាំង Kadoorie Farm and Botanic Garden នាទីក្រុងហុងកុង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Green Island Agriculture Development Co.,Ltd. ជាក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៦ លើផ្ទៃដី១៣០០០ហិកតា ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ គិតត្រឹមឆ្នាំ២០១៨ ក្រុមហ៊ុនបានធ្វើការឈូសឆាយដាំដុះបានប្រមាណ ៥០០០ហិកតា ក្នុងនោះរួមមានដំណាំកៅស៊ូ ម៊ៃសាក់ ចេក ម្រេច ស្វាយចន្ទី និងដំណាំរួមផ្សំមួយចំនួនទៀតដូចជា ដូង ស្វាយ និងទំពាំងបាយជូ លើសពីនេះក្រុមហ៊ុនក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់សម្រួលដល់ការដាំដុះដូចជា ផ្លូវប្រវែង ៣០០គីឡូម៉ែត្រ អាងស្តុកទឹកបីកន្លែងអាចស្តុកបាន៤លានម៉ែត្រគូប និងស្ថានីយអគ្គិសនីដែលមានកំលាំង១៥kVA ព្រមទាំងមានបុគ្គលិកបម្រើការសរុប២៥០នាក់។
ដោយឡែកផ្ទៃដីដែលសេសសល់ក្រុមហ៊ុន បាននិងកំពុងសិក្សាពីការថែទាំ និងការពារនូវពពួកសត្វកម្រ និងព្រៃឈើកម្រ ហើយមានបំណងប្រើប្រាស់ដីនោះ ជាតំបន់អេកូទេសចរធម្មជាតិវិញ ដើម្បីចូលរួមគាំពារធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន និងរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងថា គម្រោងនោះកំពុងមានដំណើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនវិស៏យកសិកម្ម តាមរយៈការពង្រីកផ្ទៃដីដាំដុះ ពិពិធកម្មកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជូបនីយកម្ម ជាមួយនឹងការការពារធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី គ្រោងនឹងទៅពិនិត្យទីតាំងដីវិនិយោគផ្ទាល់ និងចាត់មន្រ្តីជំនាញចូលរួមសិក្សាឲ្យល្អិតល្អន់ អំពីគម្រោងវិនិយោគនេះ និងជំរុញកិច្ចសហការឲ្យបានល្អប្រសើរជាមួយក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងការពារតំបន់វិនិយោគនេះឲ្យទទួលបានជោគជ័យ៕