(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នឹងត្រូវប្រារព្ធពិធីក្រុងពាលី សុំសេចក្ដីសុខក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មុនបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី២៩ ខែមិថុនាស្អែក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមព័ត៌មានអំពីគម្រោងខាងលើបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ប្រើរយៈពេលសាងសង់៣០ខែ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងថា រដ្ឋបាលរាជធានី រួមនិងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗ បានសិក្សាលក្ខណៈបច្ចកទេសរួចរាល់ហើយ ចំពោះការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ទាំងគម្រោងប្លង់សាងសង់ បចេ្ចកទេស និងថវិកា ដោយគ្រាន់តែពេលវេលាមកដល់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់មកដល់តែប៉ុណ្ណោះ។
លោកបន្តថា «ស្ពានអាកាសចោមចៅនេះពិតជាមានសារសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗ នាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេស»។
លោកបញ្ជាក់ថា ស្ពាន និងផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះជាផ្លូវដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឱ្យវិនិយោគិន អាជីវករ និងប្រជាពលរដ្ឋទូទៅទទួលផលចំណេញ ចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ តែថែមទាំងចំណេញថវិកាក្នុងការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
លោក ម៉េត មាសភក្តី បានបន្តថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានដាក់មន្រ្តីនគរបាលចរាចរណ៍ទៅជួយសម្រួលទីតាំងខាងលើជាបន្តបន្ទាប់ ប៉ុន្តែទោះជាដូច្នេះក៏ដោយ គេនៅតែមិនអាចទប់ស្កាត់ការកកស្ទះបាន ដែលជាហេតុធ្វើឱ្យសាលារាជធានីភ្នំពេញចំណាយថវិកា ត្រៀមសាងសង់ស្ពាននេះឡើងឱ្យបានឆាប់តាមកាលដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ត្រង់ចំណុចរង្វង់មូលចោមចៅ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ។
ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងរង្វង់មូលចោមចៅ ត្រូវពង្វាងចរាចរណ៍ រួមមាន៖
* ចំពោះរថយន្ដចរាចរណ៍មកពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។
* ចំពោះរថយន្ដចរាចរណ៍ មកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។
* ចំពោះរថយន្ដធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានី ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្ដុប។
* ចំពោះចរាចរណ៍ពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាឲ្យចរាចរធម្មតា៕