(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧៖០៧នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F6A) មូលហេតុមានក្រុមហ៊ុនឯកជន ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះកាបខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន។

តំបន់ដែលដាច់ចរន្តអគ្គិសនីនោះរួមមាន៖ ១៖ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១, ២៖ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ៣៖ ផ្លូវលេខ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជាបានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៩៖០០នាទីព្រឹក។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕