(កំពង់ចាម)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់តែខិតជិតចូលមកដល់ហើយនោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បាននិងកំពុងតែត្រៀម យ៉ាងយកចិត្ដទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្រាប់ដំណើរការបោះឆ្នោតដ៏ធំមួយនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំគណៈស្នងការ ទទួលចុះជួយស្រុក ក្រុង និងបានចុះត្រួតពិនិត្យកម្លាំង ដែលមានភារកិច្ចការពារការបោះឆ្នោត តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១៥ប៉ុស្ដិ៍ និងកម្លាំងប្រជាការពារ១៥ឃុំ សរុបចំនួន៣៩៥នាក់ ក្នុងនោះប្រជាការពារចំនួន២៤០នាក់។
ការចុះត្រួតពិនិត្យកម្លាំងនេះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយល់អំពីនីតិវិធី គោលការណ៍ ក្រមសីលលធម៌ និងការងារពាក់ព័ន្ធ នឹងការបោះឆ្នោត, រៀបចំកម្លាំងការពារការិយាល័យបោះឆ្នោត, ត្រូវបំពេញកាតព្វកិច្ច ជាពលរដ្ឋខ្មែរ និងជួយក្រឿនរំលឹកសាច់ញាតិ និងចលនាឲ្យប្រជាជនទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា, ហាមប្រើ ស្លាកសញ្ញាផ្សេងៗ ចូលរួមហែគណបក្ស, ធ្វើការងារជំនាញ ដើម្បីបង្ក្រាបបទល្មើសគ្រប់ ប្រភេទដូចជា ជល់មាន់ ល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន លួចឆក់ ជាដើម និងពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានណែនាំបន្ថែមទៀត អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃ និងការផ្លាស់ប្តូរវេនធ្វើការ ទៅតាមគោលការណ៍ និងផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឲ្យដឹងដែរថា សម្រាប់កម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ដែលត្រៀមរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតនេះ មានចំនួន៤,០២៨នាក់ ដោយមានទាំងកម្លាំងត្រៀមអន្ដរាគមន៍២៤ម៉ោង លើ២៤ម៉ោង និងកម្លាំងដែលរៀបចំតាមផែនការ៕