(កំពង់ឆ្នាំង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបាញ់ឆ្ពោះអភិវឌ្ឍវិស័យឧស្សាហកម្ម សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីសរុប២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនី នៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៧ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង៤៧លើកនេះ មានកម្មករ កម្មការិនីសរុប៦២៦,៦៧៧នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។
ខេត្តកំពង់ឆ្នាំ គឺជាខេត្តទី៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រះសីហនុ និងតាកែវ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានចុះជួបសំណេះសំណាលជាមួយក្មួយៗកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានសន្តិភាពទាំងផ្លូវទឹក និងផ្លូវគោក មិនដូចពីអតីតកាលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពង្រាយរោងចក្រ តាមបណ្តាខេត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងទទួលបានជោគជ័យ និងហុចផ្លែផ្កាជូនប្រជាពលរដ្ឋ។
* សម្តេចតេជោបានថ្លែងថា ការពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារជូនប្រជាពលរដ្ឋ និងមិននាំឲ្យមានការប្រមូលផ្តុំប្រជាពលរដ្ឋ តែនៅក្នុងរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រហែលមិនមាននាយករដ្ឋមន្ត្រីច្រើនទេ ហ៊ានប្រថុយប្រថានឆ្លងកាត់តំបន់សង្គ្រាម ចុះជួបប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដូចជារូបសម្តេចនៅពេលប្រទេសកម្ពុជា ស្ថិតក្នុងវិបត្តិសង្គ្រាមពីអតីតកាលនោះ។
* សម្តេចតេជោថ្លែងថា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ សម្តេចធ្លាប់បានលួចចុះទៅតាមបណ្តាខេត្ត ដោយមិនឲ្យអភិបាលខេត្ត ឬអាជ្ញាធរមូលដ្ឋានដឹងមុននោះទេ ព្រោះការឲ្យដឹងមុន អាចនឹងមានការរៀបចំទុកជាមុន ដែលមិនអាចស្វែងរកឃើញពីតថភាព និងទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ សម្តេចបានលើកឡើងទៀតថា ការចុះតាមបណ្តាខេត្តនេះ ប្រសិនបើឲ្យអាជ្ញាធរដឹងមុនថា ត្រូវធ្វើដំណើរតាមផ្លូវណាមួយនោះ ផ្លូវនោះនឹងត្រូវលុបជង្ហុកអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ឆ្នាំង នៅមានសក្តានុពលវិនិយោគច្រើនទៀត ដែលអាចទាក់ទាញអ្នកវិនិយោគមកវិនិយោគបន្ថែមទៀត។
* សម្តេចតេជោបានថ្លែងអំពាវនាវឲ្យកម្មករ និងអាជ្ញាធរត្រូវរួមគ្នាប្រឹងប្រែងរក្សារោងចក្រ ដែលមានវត្តមាននាពេលបច្ចុប្បន្ន ហើយប្រឹងប្រែងកៀគរអ្នកវិនិយោគថ្មីបន្ថែមទៀត ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤រោងចក្រប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ៤០ដុល្លារ។ តែបច្ចុប្បន្នកម្ពុជា មានរោងចក្រ ១,១៥៤រោងចក្រ មានកម្មករ ៧៧៦,៥០២នាក់ ទទួលបានប្រាក់ឈ្នួលអប្បរមា ១៧០ដុល្លារ ដែលនេះជាការបង្ហាញពីវឌ្ឍនភាពលើវិស័យឧស្សាហកម្មរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញឲ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះ នៅតែអាចដំណើរការបាន។ ការងារទាំងពីរនោះ គឺទី១៖ រាជរដ្ឋាភិបាលពន្យារពេលយកពន្ធកាត់ទុក្ខ រហូតដល់២០២២ និងទី២៖ ឈប់យកកម្រៃពីការនាំចេញ។ ការងារសម្របសម្រួលទាំងពីរនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់ចំណូលជាង៨០លានដុល្លារអាមេរិក។
* សម្តេចតេជោបានថ្លែងថា ប្រទេសដែលអាចទាក់ទាញរោងចក្រពីកម្ពុជារួមមាន បង់ក្លាដេស ស្រីលង្ការ ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះមានកម្លាំងពលកម្មច្រើន ហើយប្រាក់ឈ្នួលក៏នៅទាបជាងកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា ជាប្រទេសមានប្រាក់ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិសនីថ្លៃជាងគេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏មិនជាល្អជាងគេដែរ? សម្តេចបានបញ្ជាក់ថា កត្តាសន្តិភាព និងស្ថេរភាពនយោបាយ ជាការផ្តល់ទំនុកចិត្តពេលវែងសម្រាប់អ្នកវិនិយោគ លើសពីនោះកម្ពុជា អនុញ្ញាតឲ្យបរទេសអាចបោះទុនវិនិយោគ ១០០ភាគរយ ដោយមិនចាំបាច់ចាប់ដៃជាមួយ អ្នកវិនិយោគក្នុងស្រុកឡើយ។
* សម្តេចតេជោបានថ្លែងថា ការរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេស គឺជានយោបាយមួយ ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ហើយតាមរយៈការងារនោះ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
* ឆ្លើយតបចំពោះអ្នករិះគន់សម្តេចថា ដឹកនាំធ្វើឲ្យប្រជាជនធ្វើការ នៅក្រៅប្រទេសកាន់តែច្រើននោះ សម្តេចតេជោបានបញ្ជាក់ថា វាមិនមែនជារឿងចម្លែកនោះទេ ព្រោះមានប្រទេសជាច្រើន បានបញ្ជូនពលរដ្ឋខ្លួន ទៅធ្វើការនៅក្រៅប្រទេស។ ក្នុងនោះគ្រាន់តែហ្វីលីពីន មានប្រជាពលរដ្ឋធ្វើការនៅក្រៅប្រទេសជាង១០លាននាក់។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការរកការងារជូនប្រជាពលរដ្ឋ ធ្វើការនៅក្រៅប្រទេសនេះ ជានយោបាយមួយ ជួយរកការងារជូនប្រជាពលរដ្ឋ ហើយសម្តេចកំពុងចរចាសុំឲ្យកូរ៉េខាងត្បូង បង្កើនការទទួលកម្មករខ្មែរ ឲ្យបានកាន់តែច្រើនថែមទៀត។
* សម្តេចតេជោថ្លែងថា ដើម្បីឲ្យកម្មករ កម្មការិនីទទួលបានការងារធ្វើ និងទទួលបានក្តីសុខដូចពេលបច្ចុប្បន្ននេះ គឺជីដូនជីតា និងឪពុកម្តាយ បានធ្វើពលីកម្មច្រើនណាស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើចលនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារនូវសុខសន្តិភាព ដែលរកមកបានដោយលំបាកនេះ ហើយដើម្បីរក្សាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការស្រេចទៅហើយ។ សម្តេចបានបញ្ជាក់ថា មានសន្តិភាពមកដល់ពេលនេះ គឺបាតដៃរបស់សម្តេច ជាមួយឪពុកម្តាយ ជីដូនជីតារបស់កម្មករ កម្មការិនី ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោបានថ្លែងផ្តាំកម្មករ កម្មការិនីថា មិនត្រូវរើសអើងចំពោះកម្មករ កម្មការិនីមានផ្ទុកមេរោគអេដស៍នោះទេ ផ្ទុយទៅវិញត្រូវលើកទឹកចិត្តគ្នាការពារកុំឲ្យមានការឆ្លងបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលពលរដ្ឋរីករាយមិនសូវជា មានវត្តមានសម្តេចទេ តែពេលពលរដ្ឋជួបទុក្ខលំបាកដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម តែងតែមានវត្តមានសម្តេច។
* សម្តេចតេជោថ្លែងថា ពេលពលរដ្ឋមានទុក្ខ តែត្រូវការសម្តេចជួយ ឥឡូវសម្តេចសុំវិញ បើចង់ឲ្យសម្តេចនៅមានវត្តមានជួយបន្តទៀត សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។
សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖២៤នាទី, សូមអរគុណចំពោះការចំណាយពេលវេលា ដ៏មានតម្លៃតាមដានទស្សនា Fresh News៕