(រតនគិរី)៖ នាឱកាសចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តរតនៈគិរី កាលពីព្រឹកថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើមន្ត្រីទាំងអស់ ខិតខំពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសការផ្តល់សេវាសាធារណៈជូនវិស័យឯកជន និងប្រជាជននៅក្នុងខេត្តរតនៈគិរី។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិបទប្រែប្រួលនៃពាណិជ្ជកម្មពិភពលោក មន្ត្រីចាំបាច់ត្រូវមានចំណេះដឹងភាសាចំនួនបី គឺ៖ ភាសាជំនាញ ភាសាបរទេស និងភាសាកុំព្យូទ័រ ដើម្បីជាទុនក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសទទួលបានការតែងតាំងមុខតំណែង និងតួនាទីធំៗនាថ្ងៃអនាគត។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់មន្ត្រីទាំងអស់ ធ្វើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
«សូមក្មួយៗខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ឬធ្វើការរៀនដោយខ្លួនឯង ពីកម្មវិធីសិក្សាផ្តល់ដោយអង្គការ WTO និងគេហទំព័រផ្សេងៗដែលមានមេរៀនទាក់ទងពាណិជ្ជកម្ម ហើយត្រូវគោរពឋានុក្រមការងារ និងចេះសាមគ្គីគ្នា ដើម្បីសម្រេចផែនការ ដែលថ្នាក់ដឹកនាំក្រសួង ឬខេត្តបានប្រគល់ជូន» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រឹងប្រែងដាក់ចេញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើប្រតិភូកម្មមុខងារសំខាន់ៗជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីបង្ខិតសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលកិច្ចការនេះទាមទារឲ្យមានការចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីស្ថាប័នជាតិ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងបានស្នើដល់មន្ត្រីបន្តសហការចុះត្រួតពិនិត្យទំនិញតាមទីផ្សារ អប់រំ និងផ្សព្វផ្សាយច្បាប់ទាក់ទងវិស័យពាណិជ្ជកម្ម និងដកហូតរាល់ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ មកដុតកំទេចចោលឲ្យបានញឹកញាប់ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
នៅចុងបញ្ចប់នៃអង្គពិធី លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានប្រគល់នូវម៉ាស៊ីនកុំព្យូទ័រ និងព្រីនធើ ចំនួន ១ឈុត ព្រមទាំងថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ប្រចាំខេត្តរតនៈគិរី ដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង៕