(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨។
នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងកីឡាករ កីឡាការិនី សរុបចំនួន៣០០នាក់។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរក្រុង ស្រុក អង្គភាពពាក់ព័ន្ធនានា ពិសេសកីឡាករ កីឡាការិនី ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងបង្ហាញមោទនភាពខេត្តលើឆាកជាតិ និងអន្តរជាតិ ហើយជ័យជំនះនៃការប្រកួតកីឡាជាតិនេះ ខេត្តស្ទឹងត្រែង បានដណ្តើមបានមេដាយមាស៨គ្រឿង មេដាយប្រាក់១១គ្រឿង មេដាយសំរឹទ្ធិ១៨គ្រឿង និងឈរលើតារាងលេខរៀងទី៧ ក្នុងចំណោម២៨ ក្រសួង រាជធានី-ខេត្ត ដែលនេះគឺជាការសាងប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យកីឡាខេត្តស្ទឹងត្រែង និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តស្ទឹងត្រែងទាំងមូល។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខិតខំបន្តប្រឹងប្រែងវិស័យកីឡាក្នុងខេត្តឲ្យកាន់តែខ្លាំងក្លា និងរីកសុះសាយគ្រប់ទីកន្លែងទូទាំងខេត្ត ដើម្បីសម្រាំងកីឡាករ កីឡាការិនី តំណាងខេត្តដែលមានសមត្ថភាពខ្ពស់ចូលរួមជាមួយជម្រើសជាតិកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
លោក ម៉ុម សារឿន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាសុខភាព និងត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានេះ លោកក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកីឡាករ កីឡាការិនី ចំនួន១៣៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល៕