(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងជម្រុញឱ្យកម្មករ កម្មការនី ត្រូវមានជំនឿទុកចិត្តលើសម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅទៀតដោយរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ បានបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋឱ្យមានសិទ្ធិសេរីភាពជំនឿលើសាសនា និងប្រកបមុខរបរស្របច្បាប់ ផ្សេងៗតាមជំនាញ និងចំណង់ចំណូលចិត្តរៀងៗខ្លួន ដើម្បីបង្កើនជីវភាពគ្រួសារ។
លោកបានថ្លែងដូចនេះនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ចំការកៅស៊ូ( CRCK 2 ) ក្នុង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំប្រមាណជាង៤០០នាក់។
លោកសុខ លូ បានថ្លែងបន្តរំលឹកថាប្រទេសជាតិ បើគ្មានសុខសន្តិភាពទេកុំថាឡើយការអភិវឌ្ឍន៍ សូម្បីសិទ្ធសេរីភាពផ្សេងៗក៏គ្មានដែរ ដូច្នេះយើងទាំងគ្នាត្រូវខិតខំ រួមសាមគ្គីគ្នា ថែរក្សាសមិទ្ធអ្វី ដែលយើងមានសព្វថ្ងៃពិសេសថែរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះឲ្យបាន ស្របតាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល គឺបានពង្រឹង និងធានាបានមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើររួម និងការកសាងនូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជនយើង។ ហើយក្នុងនោះសម្តេចក៏បានខិតខំយកចិត្តទុកដាក់បង្កើតការងារ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើងដើម្បីបង្កើនជីវភាពឱ្យបានល្អប្រសើរ ជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុន និងទាក់ទាញដៃគូវិនិយោគបង្កើតរោងចក្រ សហគ្រាស មករកស៊ីនៅកម្ពុជាដើម្បីកាត់បន្ថយការចំណាកស្រុករបស់បងប្អូន។
ជាមួយនេះដែរលោកក៏បានសំណូមពរដល់កម្មករ កម្មការនីឱ្យមានជំនឿទុកចិត្តលើការ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្ន ប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យបម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយឈានដល់ដំណាក់កាល មួយដែលធ្វើឱ្យជីវភាព ប្រជាជន មានការរីកចម្រើននៅក្នុងពេលបច្ចុប្បន្ន ។
ចុងបញ្ចប់ លោក សុខ លូ ក៏បានអំពាវនាវ ដល់កម្មករ កម្មការនីទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលបងប្អូនពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពជឿនលឿនបន្តទៀត៕