(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បងមិនអាចខ្វះបាន។
លោក ទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសលោក និងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ច័ន្ទថុល្ល ព្រះអគ្គធិការងពុទ្ធកសិក្សាជាតិ អញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នៅពុទ្ធិកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សួង នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក លី ឡេង អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ សាមណសិស្ស លោកគ្រូអ្នកគ្រូ យាយជីតាជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
លោក ជា សុផារ៉ា បានបន្តថា ដើម្បីថែរក្សាការពារសុខសន្តិភាពនេះ បានចាំបាច់ត្រូវពឹងផ្អែកឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅ ហើយការចូលរួមនេះ ពុំចាំបាច់ចំណាយអ្វីទាំងអស់ គឺគ្រាន់តែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស អភិវឌ្ឍនប្រទេសអោយមានការរីកចម្រើនថ្កុំថ្កើនជាបន្ត។
ឆ្លៀតក្នុងឳកាសនោះ លោកក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំកម្ពុជាទៅរកការអភិវឌ្ឍបន្តទៀត សូមប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត សូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អោយបានគ្រប់ៗគ្នា ។
បើតាមរបាយការណ៍ព្រះសោមវេទី អ៊ឹម សុភក្តិ នាយកនៃពុទ្ធិកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សួង បានឲ្យដឹងថា ពុទ្ធកវិទ្យាល័យនេះមាន ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ចំនួន២ថ្នាក់ និងពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៥ថ្នាក់ មានគណៈគ្រប់គ្រង១៩អង្គ/នាក់ គ្រូបង្រៀន មាន២៧អង្គ/នាក់ និងមានសមណសិស្សសរុបចំនួន ២៨៥អង្គ៕
នាឳកាសនោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានប្រគេនបច្ច័យចំនួន១០លានរៀល កុំព្យួទ័រ១គ្រឿង និងបានឧបត្ថម្ភថវិកាដល់សមណសិស្សជយលាភីក្នុងការប្រឡង ព្រមទាំងចែកជូននូវក្រណាត់ស សារ៉ុង ប៉ិចសៀវភៅ និងថវិការ ដល់យាជីតាជី សមណសិស្ស និងសិស្សានុសិស្សដែលចូលរួមផងដែរ៕