(កណ្តាល)៖ ដើម្បីរក្សាតម្លៃ និងទីផ្សារស្រូវរបស់ប្រជាកសិករ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានចុះផ្សព្វផ្សាយឲ្យ​​ប្រជាពលកសិករក្នុងស្រុកល្វាឯម ខេត្តកណ្ដាលទាំងអស់ ប្ដូរពីការដាំស្រូវ IR 504 មកដាំស្រូវសែនក្រអូនវិញ ព្រោះថា ស្រូវនេះមានទីផ្សារល្អ និងទទួលបានប្រាក់ចំណេញខ្ពស់។

ការចុះផ្សព្វផ្សាយបែបនេះ របស់លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្ម ក្រុមអ្នកផលិតស្រូវសរុបប្រមាណ៥១០នាក់ នាព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នាស្រុកលា្វឯម​ខេត្តកណ្ដាល។

លោក កៅ ថា បានថ្លែងថា កន្លងមកកសិករ ក្នុងតំបន់ស្រុកល្វាឯម ភាគច្រើននាំគ្នាដាំស្រូវប្រភេទ IR 504 ដោយទទួលបាន ទិន្នផលពី៤-៧តោន ក្នុង១ហិកតា និងទទួលប្រាក់ចំណេញចំនួន ៣,៩០០,០០០រៀលក្នុង១ហិកតា ប៉ុន្តែផលស្រូវរបស់បងប្អូនកសិករ ទទួលកន្លងមកបានពុំមានទីផ្សារច្បាស់លាស់ឡើយ ពោលគឺពឹងផ្អែកទាំងស្រុងលើឈ្មួញកណ្តាល ឬឈ្មួយវៀតណាម ដែលធ្វើឱ្យប្រែប្រួលតម្លៃ ទៅតាមតម្រូវការរបស់គេតែប៉ុណ្ណោះ ហើយជួនកាលពួកគេបានធ្វើការទំលាក់ថ្លៃស្រូវរបស់បងប្អូន ដោយមិនសមហេតុផលក៏មាន។

លោកបានបញ្ជាក់ទៀតថា «ដើម្បីរក្សាតម្លៃស្រូវបងប្អូនឲ្យល្អ សូមពលរដ្ឋទាំងអស់ងាកមកដាំស្រូវសែនក្រអូបវិញ ព្រោះស្រូវនេះ ទទួលបានប្រាក់ចំណេញខ្ពស់រហូតដល់ ៥,៨០០,០០០រៀលក្នុង១ហិកតា ព្រមទាំង​មានលំនឹងលើទីផ្សារក្នុងស្រុក និងបរទេសច្បាស់លាស់ ព្រោះថា ក្រុមហ៊ុន​ទាំងនេះ​សុទ្ធតែជាដៃគូរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ មួយវិញទៀតក្រុមហ៊ុន ត្រូវការស្រូវប្រភេទនេះច្រើន សម្រាប់កែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស ដែលកំពុងមាន តម្រូវការខ្ពស់»។

លោកបញ្ជាក់ទៀតថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការទំលាក់ឥណទានជាបន្តបន្ទាប់ដល់ក្រុមហ៊ុនប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការទិញស្រូវពីប្រជាកសិករ តាមតម្លៃទីផ្សារ ហើយតាមរយៈយន្តការនេះបានធ្វើឱ្យទីផ្សារស្រូវ និងតម្លៃស្រូវរបស់បងប្អូន ប្រជាកសិករមានស្ថិរភាព ហើយកសិករក៏មិនភ័យខ្លាច ចំពោះការខូចខាតស្រូវ ព្រោះពេលនេះតាមរយៈយន្តការ អន្តរាគមន៍របស់រាជរដ្ឋាភិបាល បានដាក់ចេញមក យើងបានសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបស្រូវ របស់បងប្អូន នេះជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងករណីបងប្អូន សហគមន៍មានតំរូវការឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ នឹងជួយទំលាក់ឥណទាន ជូនដោយអត្រាការប្រាក់ទាប។

លោក កៅ ថាច ក៏បានស្នើឱ្យបងប្អូន ចងក្រងជាក្រុមផលិត ឱ្យបានច្បាស់លាស់ និងពង្រឹងសមត្ថភាព ធនធានមនុស្ស របស់សហគមន៍ឱ្យបានរឹងមាំ។ ដោយឡែកពាក់ព័ន្ធ នឹងពូជស្រូវសែនក្រអូប ក្នុងករណីសហគមន៍មានតំរូវការ ភាគីខាងលោកឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ សន្យានឹងផ្គត់ផ្គង់ជូនបងប្អូន ចំណែកឯសំណូមពរបងប្អូនលក់ស្រូវឱ្យក្រុមហ៊ុនរបស់លោក, លោកនឹងធានាទិញក្នុងតម្លៃទីផ្សារ ឬអាចថ្លៃជាងនេះ ដើម្បីជួយដល់ជីវភាពបងប្អូន៕