(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺអ្នកស្រី ស្រី ម៉ៅភួច បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួម មន្ត្រីមន្ត្រីនៅក្រសួង ដែលបានផ្តល់ភាពយុត្តិធម៌ដល់អ្នកស្រី ក្នុងការចាត់មន្ត្រីជំនាញចុះស្រាវជ្រាវអំពីការវាស់វែងស្ថាបនាផ្លូវថ្មីលេខ១៩៧២ ឆ្ពោះទៅផ្លូវ១០០៣ ដោយក្បាលដីរបស់អ្នកស្រី មិនត្រូវបានពុះបំបែកដោយផ្លូវទៀតទេ។

អ្នកស្រីរង់ចាំយុត្តិធម៌នេះ អស់រយៈពេលប្រមាណ៤ឆ្នាំមកហើយ ទើបតែពេលនេះ ខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ជូនដល់អ្នកស្រី។

ទាក់ទងករណីនេះលោក លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើលិខិតទៅអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញថា ផ្អែកតាមលលទ្ធផល នៃការចុះពិនិត្យ និងស្រាវជ្រាវរបស់មន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញនូវចំណុចខ្វះចន្លោះ ផ្នែកបច្ចេកទេសខ្លះលើការគូសផ្លូវលេខ១៩៧២ ដែលខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយពីម្ចាស់ក្បាលដីម្ខាង។

ដើម្បីឲ្យស្របតាមប្លង់កែតម្រូវលើកទី២ លេខ២៨២ ដនសស.សុដ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការសម្រេចដូចខាងក្រោម៖

ទី១៖ កែសម្រួលប្លង់សុរិយោដី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ របស់សាលារាជធានីភ្នំពេញ ត្រង់ចំណុចចុងផ្លូវលេខ១៩៧២ ប្រសព្វនឹងផ្លូវលេខ១០០៣ដោយ៖

*កំណត់យកចំណុចព្រំក្បាលដីចាស់របស់ឈ្មោះ ស្រី ម៉ៅភួច និងក្បាលដីលេខ៨៤៦ ជាអ័ក្សនៃផ្លូវលេខ១៩៧២ រួចវាស់ចេញ៥ម៉ែត្រ ទៅលើក្បាលដីលេខ៨៤៦ ទាញភ្ជាប់ទៅជ្រុងខាងលិច-ជើង នៃក្បាលដីនេះ និងម្ខាងទៀតវាស់ចេញ៥ម៉ែត្រ ដូចគ្នាទៅលើក្បាលដីឈ្មោះ ស្រី ម៉ៅភួច ទាញភ្ជាប់ពីជ្រុងខាងត្បូងនៃក្បាលដីឈ្មោះ ស្រី ម៉ៅភួច ប្រវែងស្មើគ្នា និងស្របគ្នា បង្កើតបានជាផ្លូវលេខ១៩៧២ ដូចមានគំនូសប្លង់ភ្ជាប់មកជាមួយ។
*ក្បាលដីរបស់ឈ្មោះ ស្រី ម៉ៅភួច មិនត្រូវបានពុះបំបែកដោយផ្លូវទៀតទេ
*លុបចោលក្បាលដីលេខ៨៤៧៕