(រតនគិរី)៖ រសៀលជ្រៀលជ្រេបន្តិច ក្រុមបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានទៅដល់ទឹកដីស្រុកវើនសៃ ខេត្តរតនគិរី ក្នុងនោះក្រុមការងារបានសង្កេតឃើញមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ កំពុងប្រកបរបរទទួលទានយ៉ាងមមាញឹក ពិសេសក្នុងផ្សារវើនសៃតែម្ដង ដែលពួកគេម្នាក់ៗសុទ្ធតែអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។
ពេលទៅដល់ភ្លាម ក្រុមបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានចូលជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមួយក្រុម ដែលកំពុងអង្គុយជជែកគ្នាមុខផ្ទះលក់ចាយហួយធំមួយ។ ពួកគាត់បានបញ្ជាក់ថា នៅស្រុកវើនសៃនេះ ៧០ភាគរយជាជនជាតិឡាវ ក្រៅពីនេះមានជនជាតិខ្មែរ ចិន វៀតណាម គ្រឹង កាវ៉ែត ព្រៅ កាចក់ លុន ជាដើម។
លោក ប៊ុន លឿ ដែលបានអះអាងថាខ្លួនជាជនជាតិឡាវ ហើយមានភរិយាជាជនជាតិខ្មែរនោះ បានថ្លែងប្រាប់ក្រុមការងារថា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រជាជននៅទីនោះគេប្រើភាសាខ្មែរ នៅពេលដែលជួបជាមួយជនជាតិផ្សេង ប៉ុន្តែបើនិយាយជាមួយជនជាតិដូចគ្នា គេនិយាយភាសារបស់គេ។ ឧបមាថា បើជនជាតិឡាវនិយាយជាមួយឡាវដូចគ្នា គេប្រាកដជានិយាយភាសាឡាវ ប៉ុន្តែបើឡាវនិយាយជាមួយជនជាតិខ្មែរ ឬជនជាតិដទៃ ភាគច្រើនគេប្រើភាសាខ្មែរជាផ្លូវការ។
បងស្រីជនជាតិឡាវម្នាក់ទៀត ក៏បានប្រាប់ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» ដែរថា ប្រជាពលរដ្ឋនៅទីនេះ ច្រើនតែប្រកបរបរលក់ដូរ កសិកម្ម ធ្វើចម្ការ ស៊ីឈ្នួល នេសាទជាដើម។
ពួកគាត់បានបញ្ជាក់ថា ថ្វីដ្បិតតែជាតិសាសន៍ខុសគ្នាក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋនៅស្រុកវើនសៃនេះ មិនមានការឈ្នះប្រកែកគ្នាជាក្រុម ឬប្រកាន់បក្ខពួកអ្វីទេ តែក៏មានដោយបុគ្គលដូចតែជនជាតិខ្មែរនៅកន្លែងផ្សេងៗដែរ។
សូមជម្រាបថា បេសកកម្មមែកសឺដេស និងកំណប់អាថ៌កំបាំង ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន ស្ដារអូតូ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលរថយន្តទំនើបជាងគេនៅកម្ពុជា Mercedes-Benz សហការផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច ThmeyThmey។ បេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បង្កើតឡើងក្នុងគោលបំណងចេញប្រតិបត្តិការរុករកតំបន់ទេសចរណ៍នៅព្រហ្មចារីថ្មីៗ ដែលរាយប៉ាយពាសពេញដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា ហើយគ្មានមនុស្សស្គាល់ ឬមានមនុស្សតិចបំផុតដែលបានស្គាល់។
លើសពីនេះ ក៏ដើម្បីយកមកផ្សព្វផ្សាយបង្ហាញប្រិយមិត្ត ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យបានទស្សនាឃើញច្បាស់ និងអន្ទងចិត្តបញ្ចុះបញ្ចូលឲ្យពួកគេឲ្យរីករាយក្នុងការធ្វើដំណើរ ទៅទស្សនានៅទីនោះជាបន្តបន្ទាប់ សំដៅពង្រីកសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក៕
សូមទស្សនាកិច្ចសម្ភាសជាមួយប្រជាជន និងទិដ្ឋភាពនានានៅស្រុកវើនសៃ ខេត្តរតនគិរី៖