(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ត្រង់ចំណុចរង្វង់មូលចោមចៅ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
បើតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ សាលារាជធានីភ្នំពេញ បានជម្រាបដល់ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងរង្វង់មូលចោមចៅ ត្រូវពង្វាងចរាចរណ៍ រួមមាន៖
* ចំពោះរថយន្ដចរាចរណ៍មកពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។
* ចំពោះរថយន្ដចរាចរណ៍ មកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។
* ចំពោះរថយន្ដធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានី ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្ដុប។
* ចំពោះចរាចរណ៍ពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាឲ្យចរាចរធម្មតា។
សូមជម្រាបថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅខាងលើនេះ នឹងប្រើពេលប្រមាណ៣០ខែ ដើម្បីបញ្ចប់ឲ្យបានរួចរាល់។
ក្រៅតែពីការសាងសង់ស្ពានអាកាសខាងលើ បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានកំពុងជួលជុលសាងសង់ពង្រីកផ្លូវជាតិលេខ៤ ឲ្យមានទំហំកាន់តែធំឡើងៗ ដោយមានការចាក់បេតុង និងអ៊ុតកៅស៊ូពង្រីកផ្លូវកាន់តែធំទូលាយ សម្រួលដល់ការធ្វើដំណើរទៅមក និងដាក់លូបង្ហូរទឹកចេញកុំឲ្យភ្លៀងលិច ផ្លូវដូចឆ្នាំកន្លងៗមកទៀត៕