(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានប្រកាសឲ្យបុគ្គលិកដែលចូលនិវត្តន៍ មកបំពេញពាក្យ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស៉ីម៉ាក់ ដែលអង្គភាព Fresh News ទទួលបានៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ឬគ្រួសារនៃអ្នកដែលបានស្លាប់ ឬពលីកន្លងមក ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ដល់បុគ្គលដែលបានបម្រើការងារនៅស៊ីម៉ាក់ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន។
បើតាម ស៊ីម៉ាក់ សូមអតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ពលី មរណៈ សូមមកទំនាក់ទំនងការិយាល័យរដ្ឋបាល នៃទីបញ្ជាការស៉ីម៉ាក់ភ្នំពេញ ឬកងឯកភាពស៉ីម៉ាក់ តាមបណ្តាខេត្តនានា ស្ថិតនៅជិតលំនៅស្ថាន ដើម្បីបំពេញបែបបទនានា តាមតម្រូវការរបស់គណៈកម្មការបុគ្គលិកស៉ីម៉ាក់ ដោយទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩៧ ២០០ ១៣៧៧ ឬ ០៩៧ ២០០ ១២៩៥ រៀងរាល់ម៉ោងធ្វើការតាមលទ្ធភាពដែលអាចធ្វើបានជាកំហិត។
ស៊ីម៉ាក់ ក៏បានបញ្ជាក់ថា បើសិនជាមានការយឺតយ៉ាវក្នុងការមកបំពេញពាក្យ ជូនគណៈកម្មការបុគ្គលិក ស៊ីម៉ាក់មិនទទួលខុសត្រូវឡើយ៕