(កំពង់ធំ)៖ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយមួយចំនួនប្រគល់ដូនចាស់ទុរគតម្នាក់ រស់នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
ដូនចាស់ខាងលើ មានឈ្មោះ ព្រំ សៀ ដែលជាស្ត្រីមេម៉ាយទុរគត ដោយស្វាមីរបស់គាត់ទទួលមរណភាព អស់រយៈពេលជាង២០ឆ្នាំហើយ។
លោកយាយ ព្រំ សៀ មានជន្មាយុ៨៧ឆ្នាំហើយ បច្ចុប្បន្នរស់នៅក្នុងខ្ទមកម្សត់ដំបូលប្រក់ស្បូវ នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ហើយត្រូវបានក្មួយប្រុសមើលថែរក្សា និងផ្តល់ម្ហូបអាហារប្រចាំថ្ងៃ ដោយជីវិតលោកយាយពុំមានកូនបង្កើតម្នាក់ណាឡើយ។ សព្វថ្ងៃសុខភាពលោកយាយកាន់តែមានការទ្រុឌទ្រោម ភ្នែកមើលលែងសូវច្បាស់ ត្រចៀកស្តាប់លែងសូវបាន។
ដើម្បីជួយឧបត្ថម្ភដល់ជីវិតចុងក្រោយរបស់លោកយាយ លោកមេបញ្ជាការ សោម ស៊ុន និងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភជូនគាត់នូវអង្ករ៥០គ.ក្រ មីយើង២កេះ ទឹកត្រីទឹកស៊ីអ៉ីវ២យួរ កន្ទេល១ មុង២ ភួយ១ កំសៀវទឹក១ ឆ្នាំង២ ចានស្រាក់១ បំពង់ទឹកក្តៅ១ ចានដែក១ បោយទឹក១ និងថវិកា ២៥០,០០០រៀល។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមក្រាបថ្វាយបង្គំ និងថ្លែងអំណរគុណចំពោះព្រះតេជគុណ ជរ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា ហៅវត្តក្តីដូង ដែលបានជួយឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន និងថវិកាចំនួន ២០០,០០០រៀល។
លោកយាយ ព្រំ សៀ បានប្រគេនពរ និងជូនពរសព្វសាធុការ ដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាដល់ជីវិតចុងក្រោយរបស់គាត់៕