(ម៉ូស្គូ)៖ ក្រុមការពារតំណែងជើងឯក ឥន្រ្ទីដែកអាល្លឺម៉ង់ ត្រូវការឈ្នះកូរ៉េខាងត្បូងដាច់ខាត ដើម្បីទទួលបាន ៣ពិន្ទុឡើងទៅវគ្គ១៦ក្រុម ខណៈក្រុមកំពូលតារាងនៃពូល F ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ការប្រកួតដែលនឹងធ្វើឡើងនៅម៉ោង ៩យប់នេះបញ្ចប់វគ្គសន្សំពិន្ទុនៃពូល F រាត្រីថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ នេះ អតីតម្ចាស់ជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់ មិនត្រូវត្រឹមស្មើឡើយ ដ្បិតទើបតែមាន ៣ពិន្ទុក្នុងដៃឈរ នៅលេខ២ បន្ទាប់ពីយកឈ្នះស៊ុយអែត ២-១ នៅនាទីចុងម៉ោងកាលពីជុំទី២ ជាមួយនឹងការភ្លាត់ស្នៀតចាញ់មិចស៊ិក ១-០ នៅថ្ងៃបើកឆាកនៃពូល F នោះ ស្របពេលស៊ុយអែត ក៏ត្រូវជួបក្រុមកំពូលតារាងមិចស៊ិក នាម៉ោងដំណាលគ្នានេះ ផងដែរ។
តែយ៉ាងណាមិញ អាល្លឺម៉ង់អាចប្រឈមនឹងការហាលអាវខ្ពស់ ប្រសិនបើស៊ុយអែត យកឈ្នះក្រុមមកពីអាមេរិកខាង ជើងមិចស៊ិកបានមែននោះ ប្រសិនបើអាល្លឺម៉ង់អាចយកឈ្នះកូរ៉េខាងត្បូងបានត្រឹមតែ ១គ្រាប់នោះ ដោយសារតែអាល្លឺម៉ង់មានកីឡាករខ្សែការពារ Jerome Boateng ត្រូវបានពិន័យកាតក្រហម ១នាក់កាលពីឈ្នះស៊ុយអែត ១-០ នោះ៕