(មណ្ឌលគិរី)៖ មានករណីផ្ទុះអាវុធមួយប្រាវ រវាងក្រុមជនសង្ស័យញៀនថ្នាំ និងអ្នកជួញដូរថ្នាំញៀន ជាមួយកម្លាំងនគរបាល នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពេលកំពុងចុះបង្ក្រាបគ្រឿងញៀន បណ្ដាលឲ្យអធិការស្រុកពេជ្រាដារងរបួសដៃម្ខាង និងជនល្មើសម្នាក់រងរបួសជើងម្ខាង នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
បើតាមលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាឲ្យកងកម្លាំង សមត្ថកិច្ចជំនាញគ្រប់ប្រភេទ សូមធ្វើការបន្តបោសសម្អាតបទល្មើសថ្នាំញៀន ក៏ដូចជា អ្នកប្រើប្រាស់អ្នកញៀន ចរាចរឆ្លងកាត់ ជួញដូរឲ្យខាងតែបាន ដើម្បីឈានទៅរកការលុបបំបាត់ថ្នាំញៀន នៅក្នុងតំបន់នៃខេត្តមួយនេះ។
លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានប្រាប់មកអង្គភាព Fresh News នៅរសៀលថ្ងៃនេះថា យុទ្ធនាការបង្រ្កាបនេះ លោកក៏បានចូលរួមនៃការបង្រ្កាបនេះដែរ តែលោកមានការសោកស្តាយបំផុត ដែលមាន មន្រ្តីនគរបាលជាតិម្នាក់ ជាអធិការស្រុកពេជ្រាដា ឈ្មោះ តាត់ យ៉េន បានរងរបួស ដោយសារជនសង្ស័យ បានតបតដៃបណ្តាលឲ្យរងរបួសដៃម្ខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងនោះសមត្ថកិច្ច បានសម្រេចចិត្តបាញ់ជនសង្ស័យម្នាក់ ឲ្យបាក់ភ្លៅ ក្នុងហេតុការណ៍នោះ គ្រាដែលជនសង្ស័យនោះ បានដណ្តើមកាំភ្លើង ពីនគរបាលបំរ៉ុងបាញ់រះមកលើកម្លាំងនគរបាល។
លោកស្នងការខេត្ត បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាងមួយចំនួន រួមមាន៖
១៖ ឈ្មោះ ជួប សុផស្ស័ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្នភូមិពូលូង ឃុំ រមនា ក្រុងសែនមនោរម្យ ទីកន្លែងកំណើត ភូមិស្ទឹងស្វាយដារ ស្រុកចិត្របុរី ខេត្តក្រចេៈ។
២៖ ឈ្មោះ ចេង ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ កន្លែងកំណើតភូមិខ្យល់ព្យុៈ ឃុំគ្រោៈក្រហម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
៣៖ ឈ្មោះ ជឿន សុភា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិព្នង ទីកន្លែងកំណើតភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទីលំនៅបច្ចុប្បន្នភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងនោះ សម្ភារចាប់យកបាន រួមមាន ១៖ សារធាតុជនសង្ស័យ ថ្នាំញៀនចំនួន២កញ្ចប់ធំល្មម (មិនទាន់ថ្លឹង), ២៖ ម៉ូតូ៥គ្រឿង, ៣៖ កាំភ្លើងកែឆ្នៃ ប្រើហ្គាស់បាញ់គ្រាប់កង់ចំនួន៥ដើម, ៤៖ ទូរស័ព្ទដៃ៥គ្រឿង, ៥៖ រំសេវ០៨ដុំ, ៦៖ ដាវសាមរ៉ៃ១, ៧៖ គ្រាប់ប៉ាដាងកង់ សំរាប់បាញ់១ប្រអប់, ៨៖ ថង់តូចៗ សំរាប់ច្រកថ្នាំ៣០កញ្ចប់, ៩៖ ដែកកេះ៥, ១០៖ កន្រ្តៃ១ និងឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី រីឯជនសង្ស័យដែលរងរបួស បានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តមណ្ឌលគិរី និងបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត៕