(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោក Li Jie ភារៈធារីសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសងអគារសម្ភព និងរោគស្រ្តី នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ដើម្បីឆ្លើយតបគោលនយោបាយ កាត់បន្ថយ ភាពក្រីក្រ ដែលបច្ចុប្បន្នស្ថិត ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្រសួងសុខាភិបាល បានរៀបចំផែនការ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ អនុវត្តសម្រេចបាន គិតត្រឹមឆ្នាំ២០១៧ មានស្រុកប្រតិបត្តិចំនួន៤គឺ៖ កំពង់ស្ពឺ ឧដុង្គ គងពិសី និងភ្នំស្រួច, មន្ទីរពេទ្យមានចំនួន៤គឺ៖ កម្រិត១ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង, កម្រិត២ មន្ទីរពេទ្យបង្អែកឧដុង្គ និងមន្ទីរពេទ្យបង្អែកគងពិសី, កម្រិត៣ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពមានចំនួន៥៥ និងប៉ុស្តិ៍សុខភាពមានចំនួន៤។
បើតាមលោកប្រធានមន្ទីរសុខាភិបាល សាងសងអគារសម្ភព និងរោគស្រ្តីដែលបញ្ចុះបឋមសិលានេះ មានទំហំទទឹង១៧,៥ម៉ែត្រ បណ្តោយ២៨ម៉ែត្រ មាន១៥បន្ទប់ និងបង្គន់ចំនួន៦បន្ទប់ ដើម្បីបំពេញតម្រូវការចាំបាច់របស់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ដោយអត្រានៃការសម្រាលកូននៅទីនេះ មានការកើនឡើង អគារនេះជាអំណោយរបស់ស្ថានទូតប្រជាមានិតចិន តាមរយៈលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន តាមរយៈលោក Li Jie ភារៈធារីសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បើតាមលោក ហ៊ុន ម៉ានី សូមឲ្យចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងបន្តឧបត្ថម្ភគាំទ្រមកដល់កម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាជនកម្ពុជា និងរឹតចំណងសាមគ្គីភាពឲ្យបានល្អបានយូរអង្វែងតរៀងទៅ៕