(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទចំនួន៦នាក់ ពាក់ពន្ធ័ករណីវាយភ្ញៀវ រហូតរបួសធ្ងន់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្នរង់ចាំការជំនុំជម្រះនៅពេលក្រោយ។
ការសម្រេចឃុំខ្លួនជនត្រូវចោទនេះ បានធ្វើឡើងបន្ទាប់ពីលោកព្រះរាជអាជ្ញារង ងិន ពេជ្រ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៦នាក់នេះ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ក្រុមជនសង្ស័យចំនួន៦នាក់ ដែលមានទាំងម្ចាស់ហាងខារ៉ាអូខេ យីហោ «រាត្រីសំណាងល្អ» នៅតាមផ្លូវ២០០៤ ត្រូវបាន សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការ ព្រោះរឿងវាយភ្ញៀវ រហូតចូលដេកពេទ្យ ដែលសំណុំរឿងនេះ ស្ថិតក្នុងចំណាត់ការរបស់ លោក ងិន ពេជ្រ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យទាំង៦នាក់ រួមមាន៖
ទី១៖ ឈ្មោះ យឹម សំណាង ហៅ តូ អាយុ៣៥ឆ្នាំ មុខរបរម្ចាស់ហាងខារ៉ាអូខេ
ទី២៖ ឈ្មោះ ជឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ បុគ្គលិកខារ៉ាអូខេ
ទី៣៖ ឈ្មោះ រឿន រាម ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ
ទី៤៖ ឈ្មោះ វណ្ណ វុទ្ធី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ
ទី៥៖ ឈ្មោះ ធាន ភារុណ អាយុ២២ឆ្នាំ បុគ្គលិកខារ៉ាអូខេ
ទី៦៖ ឈ្មោះ អំ សុខជា អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ។
ចំណែកក្រុមជនរងគ្រោះរួមមាន៖
ទី១៖ ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិផ្សារលើ ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ រងរបួសស្រាល
ទី២៖ ឈ្មោះ ឆាង សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែទៅរស់នៅខាងស្រុកជាមួយប្រពន្ធ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់
ទី៣៖ ឈ្មោះ ឆាង សុវ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែរស់នៅជាមួយប្រពន្ធនៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា ហេតុការណ៍វាយភ្ញៀវដេកពេទ្យនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងហាង រាត្រីសំណាងល្អ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។ ដើមចមដែលឈានដល់ការវាយភ្ញៀវ ឲ្យរងរបួសធ្ងន់ស្រាល ផ្តើមចេញពីការច្រៀងខារ៉ាអូខេ ដែលក្រុមជនរងគ្រោះ តវ៉ា រឿងម្ចាស់ហាង គិតលុយសើលច្រើនពេក ក្រោយមកក៏ផ្ទុះហិង្សាតែម្តង។
ក្រោយពីរងរបួសធ្ងន់ស្រាល ក្រុមជនរងគ្រោះបាន ទៅដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ជួយដោះស្រាយ រហូតឈានដល់ឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំង ០៦នាក់ខាងលើ យកទៅសាកសួរ កាលពី២១ ខែមិថុនា ឆ្នាំ២០១៨ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕