(ស្វាយរៀង)៖ ឧបនាយក​រដ្ឋ​ម​ន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា តួនាទីសំខាន់របស់ពុទ្ធសាសនានៅកម្ពុជា ស្តែងចេញតាមតួនាទីរបស់វត្តអារាម រីឯតួនាទីរបស់ព្រះសង្ឃ និងតួនាទីអប់រំសីលធម៌ មិនអាចខ្វះមួយណាបានឡើយ។

ឧបនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ​ទូទាំងប្រទេស លើកទី២៦ ប្រគេនព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងជូនដល់អាចារ្យ គណៈកម្មការវត្ដក្នុងខេត្តស្វាយរៀង ជាង៦០០អង្គ/នាក់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រីបានថ្លែងបន្តថា វិស័យអាណាចក្រ និងពុទ្ធចក្រ បានចូលរួមចំណែកផ្តល់ការអប់រំ-ផ្សព្វផ្សាយពុទ្ធិ និងអំពាវនាវឲ្យយុវជន-យុវតីកម្ពុជា មានសតិបញ្ញាយល់ដឹង និងជ្រួតជ្រាបអំពីព្រះធម៌ ចេះស្គាល់គុណទោស វៀរចាកអំពីអបាយមុខផ្សេងៗ ចៀសផុតពីការប្រើប្រាស់គ្រឿងញៀន អំពើហិង្សាផ្សេងៗ ក្រុមក្មេងទំនើងជាដើម និងមានសទ្ធាជ្រះថ្លាសម្រាប់បំពេញកុសលផលបុណ្យ ដែលជាវិធីដ៏ប្រពៃរួមចំណែកដល់ការរក្សាបាននូវចីរភាពនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិ។

លោកស្រីបានបន្តថា កិច្ចការទាំងនេះនឹងរួមចំណែកធ្វើឲ្យផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ បានបំពេញគ្នាទៅវិញទៅមកដើម្បីគោលដៅរួម គឺសុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព។

លោកស្រីឧបានយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆ​រៈ​​មហាសនិ្នបា​តនេះ ពិតជាជួយចង្អុលទិសដោះស្រា​យ​​​ការប្រឈមនានា និង​​លើកទិសដៅ​ការងារ​ទៅអនាគត​ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បី​ប​ម្រើ​ឱ្យ​ផ​ល​​​ប្រយោជន៍សាធារណៈ បង្កើនធ្លុងមហាសា​ម​គ្គី​ ក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក ប្រមូលផ្ដុំគំនិត និងបញ្ញាញ្ញាណដ៏ទូលំទូលាយ រិះរកវិធានការណ៍​សមស្រប ដើម្បីរួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុ​ស​ល និងអំពើហិង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្ដិភាពដ៏ពេញលេញ សុខុមាលភា​ព ផ្លូវកាយ-ចិត្ដ និងការអភិវឌ្ឍ។

លោកស្រីបានបន្តថា អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ គឺជាការពិភាក្សាគ្នាផ្លាស់ប្តូរយោបល់គ្នាលើការងារ​ពុទ្ធសាសនា នាពេលបច្ចុប្បន្ន សំដៅធានាលើកកម្ពស់ការគោរពប្រតិបត្តិធម៌វិន័យរបស់ភិក្ខុសង្ឃ និងពុទ្ធបរិស័ទឱ្យស្រប​តាមគោលការណ៍នៃពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត និងអភិសមាចារពុទ្ធសាសនា។ នៅក្នុងពិធីនោះ លោកស្រី ម៉ែន សំអន ក៏បានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃផងដែរ៕