(កំពង់ស្ពឺ)៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញសាលាខេត្ត រួមទាំងមន្ត្រី នៃសាលាក្រុងច្បារមនទាំងអស់។
យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការរាជរដ្ឋាភិបាល លេខ៤៧៣ អនក្រ-តត ប្រការ១៖ បានសម្រេចតែងតាំងលោក ហុក ម៉ារ៉ាឌី ឋានន្តរស័ក្កិវរមន្ត្រី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលក្រុងច្បារមន។
លោក វ៉ី សំណាង បានថ្លែងថា ការតែងតាំងមន្ត្រីថ្មី ឬដោយជំនួសមន្ត្រីដែលត្រូវចូលនិវត្តន៍ ឬមន្ត្រីដែលផ្ទេរភារកិច្ច គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងជាតម្រូវការចាំបាច់បម្រើសេវាជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បន្តថា អភិបាលក្រុងត្រូវបន្តទទួលយកការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋមកដោះស្រាយ និងកែតម្រូវរដ្ឋបាលដឹកនាំឲ្យប្រសើរ ដោះស្រាយបញ្ហាសំរាម បញ្ហាទឹកលិច បញ្ហាផ្លូវ ជាតម្រូវការចាំបាច់រាល់ថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកអភិបាល បានសង្កត់ធ្ងន់ថា អភិបាលក្រុងថ្មី ត្រូវយកចិត្តទុកដាក់បំផុត ស្ថានភាពជុំវិញផ្សាកំពង់ស្ពឺ ដោយស្រាយបញ្ហាការកកស្ទះ និងចុះជួបដោយផ្ទាល់អំពីសុខទុក្ខរបស់ពលរដ្ឋ ត្រូវសាមគ្គី ឯកភាពផ្ទៃក្នុងរដ្ឋបាលសាលាក្រុង រក្សាឲ្យបានការចេះស្រឡាញ់រាប់អានគ្នា៕