(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាកទំនងកម្ពុជា-ចិន និងដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់បេសកជនចិនរាប់ពាន់នាក់ ដែលនឹងទស្សនាកម្ពុជាចាប់ពីថ្ងៃទី២៨ ខែមិថុនា ស្អែកនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ នឹងរៀបចំពិធីជប់លៀងដ៏ធំមួយជូនពួកគេនៅខេត្តសៀមរាប។
បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ ដំណើរទស្សនកិច្ចរបស់ក្រុមបេសកជនចិននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី៣០ ខែមិថុនា ក្រសួងទេសចរណ៍ ក៏នឹងរៀបចំពិធីជប់លៀងដ៏ធំសម្បើមមួយ ជូនក្រុមបេសកជនចិន ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាកទំនងកម្ពុជា-ចិន នៅសណ្ឋាគារ សុខាអង្គរ រីសត ខេត្តសៀមរាប។
ក្រសួងបានបន្តថា លុះនៅថ្ងៃទី០១ ខែកក្កដា នឹងមានកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិនធំមួយដែរ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនផងដែរ។
ទន្ទឹមនឹងឱកាសខួបលើកទី៦០ នៃទំនាកទំនងកម្ពុជា-ចិននេះ គេបានសង្កេតឃើញថា កម្ពុជាទទួលបានភ្ញៀវទេសចរចិនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរចិនជាង ១.២លាននាក់ កើនឡើង ៤៥.៩% ឈរលំដាប់ទី១។ តាមការព្យាករណ៍ ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង ១.៨លាននាក់។ នៅឆ្នាំ២០១៩ ទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក៕