(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែ មានប្រវែង២៧៣ម៉ែត ស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
ពិធីបើកការដ្ឋានខាងលើនេះ ក៏មានការចូលរួមពីលោក អភិបាលរងខណ្ឌ, អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ, មេបញ្ជាការរងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានលើកឡើងថា ផ្លូវដែលបើកការដ្ឋានជួសជុលនេះ គឺចាក់បេតុងឆ្អឹងដែកមានប្រវែង២៧៣ម៉ែត្រ ទទឹង៥ម៉ែត ដែលជាមូលនិធិកញ្ចប់ថវិការបស់សាលាខណ្ឌពោធិ៍សែនជ័យ។
លោកបន្ថែមថា ការស្ថាបនាផ្លូវខាងលើ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរឆ្ពោះ ពីតំបន់មួយទៅតំបន់មួយ ជាពិសេសដើម្បីស្របតាមអនុសាសន៍ ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានប្រាប់ប្រជាពលរដ្ឋសូមកុំភ្លេចទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់គ្នា៕