(​សៀមរាប​)​៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមាណជិត​៩២០​នាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគណប្រជាជនកម្ពុជាខេត្តសៀមរាប បានលើកឡើងថា អ្វីៗគ្រប់យ៉ាង​ដែល​មានសព្វថ្ងៃ គឺបានមកពីការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ និងកសាងប្រទេសជាតិ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​។​

លោក ឃឹម ប៊ុនសុង បានសង្កត់ធ្ងន់ថា សម្តេច​តេជោ ហ៊ុន សែន មិនបានមកទទួលមរតករុងរឿង បន្តពីមេដឹកនាំណាមួយនោះទេ ក្រៅពីយកជីវិតខ្លួនឯង ទៅធ្វើដើមទុនដើម្បីរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយចាប់ផ្តើមកសាងប្រទេសចេញពីគំនរផេះផង់ និងបាតដៃទទេ រហូតដល់មានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនគួរឲ្យកត់សំគាល់ ក្រោមយុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ហើយឆ្នាំនេះ គឺខួបលើកទី២០ នៃ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ នេះហើយគាប់ជួនគណបក្សប្រជាជន មានលេខរៀងទី២០​ផងដែរ។

ជាមួយគ្នានោះដែរ លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ និងរក្សាបានសុខសន្តិភាព យើងទាំងអស់គ្នា ត្រូវទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់គ្នាហើយបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០​។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក ឃឹម ប៊ុនសុង បានផ្តល់ជូនថវិកា​ដល់សមាជិក សមាជិកា ចំនួន​៩២០​នាក់ ក្នុងម្នាក់ៗ ថវិកា​២​ម៉ឺនរៀលផងដែរ៕