(ហុងកុង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកវិនិយោគធំៗរបស់ចិន មកធ្វើវិនិយោគលើវិស័យកសិកម្ម និងជាពិសេសលើផលិតផល កែច្នៃចំណីអាហារកសិកម្មនៅកម្ពុជា។
ការអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសដែលលោក វេង សាខុន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមមហាសន្និបាតលើកទី១ ស្តីពី «ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ លើវិស័យចំណីអាហារកសិកម្ម ផ្លូវ១ខ្សែ ក្រវ៉ាត់១» ដែលរៀបចំធ្វើឡើង នៅតំបន់សេដ្ឋកិច្ចពិសេសហុងកុង ប្រទេសចិន រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ការដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងមហាសន្និបាតរបស់លោក វេង សាខុន ខាងលើនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោក Bryan Chan ប្រធានគ្រប់គ្រងនៃការរៀបចំការតាំងពិព័រណ៍ របស់ប្រទេសចិន (CEO, FMC Exhibition) និងទទួលបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងមហាសន្និបាត ដ៏មានសារសំខាន់នេះ លោក វេង សាខុន បានចូលរួមថ្លែងសុន្ទរកថា បើកក្នុងសន្និបាតលើកទី១ ស្តីពី «ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ លើវិស័យចំណីអាហារកសិកម្ម ផ្លូវ១ ខ្សែក្រវ៉ាត់១» ដែលជាតំណាងឲ្យរដ្ឋមន្ត្រីកសិកម្ម នៃប្រទេសសមាជិក ASEAN។
ក្នុងពេលនោះដែរ លោក វេង សាខុន ក៏បានចូលរួមជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី កាឡានុវឌ្ឍភាព នៃការវិនិយោគលើវិស័យចំណីអាហារ កសិកម្មនៅក្នុងកម្ពុជា ជាមួយនឹងរដ្ឋមន្ត្រីកសិកម្ម នៃប្រទេសចំនួន៦ ផ្សេងទៀត និងមានការចូលរួម ដោយប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីកសិកម្ម ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងអ្នកសង្កេតការណ៍ មកពីបណ្តាលប្រទេសជាច្រើន លើពិភពលោកផងដែរ។
តាមរយៈនៃការចូលរួមមហាសន្និបាតលើកទី១ ស្តីពី «ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ លើវិស័យចំណីអាហារកសិកម្ម ផ្លូវ១ ខ្សែក្រវ៉ាត់១»នេះ រដ្ឋមន្រ្តី វេង សាខុន ក៏បានបង្ហាញពីសក្តានុពល នៃការវិនិយោគ ក្នុងវិស័យកសិកម្ម និងផ្សព្វផ្សាយដល់សន្និបាត ពីគោលនយោបាយកសិកម្មផងដែរ។
ជាមួយគ្នានោះ លោក វេង សាខុន បានអំពាវនាវដល់អ្នកវិនិយោគគិនចិនធំៗ មកធ្វើវិនិយោគលើវិស័យកសិកម្ម និងជាពិសេសលើផលិតផល កែច្នៃចំណីរអាហារ កសិកម្មនៅកម្ពុជា ព្រមទាំងការពង្រីកទីផ្សារសម្រាប់ ផលិតផលកសិកម្មកម្ពុជា និងការពង្រឹងនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្មទ្វេភាគីជាមួយចិន និងជាមួយបណ្តាលប្រទេសជាច្រើនទៀត ដែលបានចូលរួមក្នុងសន្និបាត ដ៏មានសារសំខាន់នេះ៕