(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានកោតសរសើរជូនចំពោះ នាយ នាយរង និងមន្ដ្រីប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល​ ព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយ ដកហូតបានថ្នាំញៀន១២០គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យបាន៣នាក់ នៅរសៀលថ្ងៃទី២៦ ខែមិថុនាម្សិលមិញ។

បើតាមលិខិតសរសើរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ នាយ នាយរង និងមន្ដ្រីប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលមានប្រាជ្ញាឈ្លៀសវៃ ក្នុងការបង្ក្រាប ការដឹកជញ្ជូនគ្រឿងញៀនដ៏ធំខាងលើ ព្រមទាំងបានសហការជាមួយតំណាងស្នាក់ច្រកទ្វារ តំណាងអង្គភាពគយ និងរដ្ឋាករ និងតំណាងអង្គភាពប្រឆាំងគ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការបង្ក្រាបបានគ្រឿងញៀនទាំងអស់នេះ គឺបានរួមចំណែកទប់ស្កាត់ការបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋរបស់យើង ដែលលួចលាក់ប្រើប្រាស់គ្រឿងញៀន។

សូមជម្រាបថា កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលឧក្រិដ្ឋជនបានលាក់នៅក្នុងរថយន្តក្រុងភ្នំពេញ សុរិយាដឹកអ្នកដំណើរ ដោយធ្វើការរឹបអូសបាន រហូតដល់១២០គីឡូក្រាម ជាប្រភេទម៉ាទឹកក នៅចំណុចច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង៕