(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់កម្មករ-កម្មការិនី ទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ ឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍន៍របស់ប្រទេសជាតិ។
ការថ្លែងអំពាវនាវបែបនេះ ខណៈដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួន៤,០១៩នាក់ នៅតំបន់សេដ្ឋកិច្ចឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និងសូមទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីបំពេញការងារ ឲ្យសម្រេចបាននូវជោគជ័យគ្រប់ៗគ្នា។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដំណើរការរួមគ្នាដោះស្រាយបញ្ហា ក្នុងរយៈពេលកន្លងទៅ ដែលមកពេលនេះ បងប្អូនកម្មករ-កម្មការិនី អាចយល់ដឹងហើយថា ខ្លួនឯងជាអ្នកទទួលផលទេ។ ការគិតគូរក្នុងការតម្លើងប្រាក់ខែបងប្អូនកម្មករ-កម្មការិនី គឺពុំមានវត្តមានរបស់គណបក្សប្រឆាំងនោះទេ ដែលកន្លងមកគេតែងនិយាយថា ការតម្លើងបៀវត្សរ៍របស់កម្មករ គឺបានមកពីការទាមទាររបស់គេ។
លោកស្រី បានបន្ថែមទៀតថា ការបង្កើតបានរោងចក្រ សហគ្រាសនៅតាមគ្រប់ទីកន្លែង ដែលបានដោះស្រាយការងារឲ្យក្មួយៗ ធ្វើគ្មានអ្នកណាក្រៅពីគណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលនោះទេ។ ប៉ុន្តែ គេបែរជាមកអះអាងថា ពួកគេជាអ្នកខិតខំតំឡើងបៀវត្សរ៍ឲ្យកម្មករ តាមរយៈការទាមទាររបស់គេទៅវិញ។
លោកស្រីបន្ដថា ប្រសិនបើគ្មានសន្តិភាព ក៏មិនអាចមានការអភិវឌ្ឍបានទេ។ ដូច្នេះសូមបងប្អូនក្រឡេកមើល ប្រទេសកម្ពុជានៃអតីតកាល សួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ប្រសិនបើគាត់នៅរស់ ហើយក្រុមគ្រួសារ នីមួយៗសុទ្ធតែមានអ្នក ដែលបានស្លាប់ក្នុងសង្រ្គាម សុទ្ធតែមានអ្នកបានស្លាប់ក្នុងរបប ប៉ុល ពត។
លោកស្រីថា សង្ឃឹមថាក្មួយៗ នឹងរួមដំណើរជាមួយគ្នា ដើម្បីរក្សានូវសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅជាបន្តទៀត។ វិធីការពារសន្តិភាព និងដើម្បីធានាការអភិវឌ្ឍ ធានានូវមុខរបរ និងប្រាក់ចំណូលរបស់ក្មួយៗ គឺងាយស្រួលទេ បោះឆ្នោតឲ្យគណបក្សប្រជាជន។
កម្មករ-កម្មការិនី ចូលរួមរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខដុមរមនា ធ្វើយ៉ាងណាត្រូវចូលរួមក្នុងការរក្សាសន្ដិភាព ស្ថេរភាពនយោបាយ ដើម្បីធានានូវការអភិវឌ្ឍ ហើយធ្វើយ៉ាងម៉េច ប្រែក្លាយរោងចក្រមួយ ឲ្យក្លាយទៅជាសហគមន៍សុខដុមរមនាមួយ តាមរយៈ ទំនាក់ទំនងល្អក្នុងវិស័យការងារ រវាងថៅកែរោងចក្រ ប្រធានផ្នែក ប្រធានក្រុម ជាមួយកម្មករ កម្មការិនី។
អត្ថប្រយោជន៍សម្រាប់កម្មករ នឹងបន្តបានជាលំដាប់តទៅ ឆ្នាំ២០១៩ ក៏ត្រូវដាក់ឲ្យដំណើរការនូវប្រាក់សោធននិវត្តន៍ ដែលពេលនោះក្មួយៗ ដែលជាកម្មករ កម្មការិនី ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍ បន្ទាប់ពីខ្លួនឈប់ពីការងារ។ ប៉ុន្តែក្មួយៗ ត្រូវចងចាំថា លុះត្រាតែក្មួយៗ បំពេញគ្រប់លក្ខខណ្ឌ ដែលច្បាប់តម្រូវ ទើបអាចទទួលបាននូវប្រាក់សោធននិវត្តន៍នោះ។ មន្រ្តីរាជការក៏ដូចគ្នា លុះត្រាតែធ្វើការងារគ្រប់ឆ្នាំ ទើបអាចទទួលបាននូវប្រាក់ចូលនិវត្តន៍។ នេះជាការគូសបញ្ជាក់បន្ថែមពីលោកស្រី ម៉ែន សំអន។
នៅក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏ចែកថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់កម្មករ-កម្មការិនី ចំនួន៤,០១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល និងស្ត្រីមានផ្ទៃពោះ១៨២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២០០ដុល្លារ និង២ម៉ឺនរៀល៕