(រតនគិរី)៖ ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយសម្រួលប្រជាកសិករ និងពាណិជ្ជករ ក្នុងការនាំចេញកសិផលតាមច្រកព្រំដែន នៃតំបន់ភូមិភាគឦសាន ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី ១ខ្នង របស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ដំណាលគ្នាជាមួយការធ្វើប្រតិភូកម្មសេវាចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី (D) ថែមទៀត។
ពិធីដ៏នក្ខតឫក្សនេះ ត្រូវបានរៀបចំឡើងនៅឯមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ក្រោមការអញ្ជើញជាគណៈអធិបតីភាពពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមជាសាក្សីពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងតំណាងវិស័យឯកជន ប្រមាណជាង ១០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរចំពោះសមិទ្ធិផលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងបានចាត់ទុកទុកព្រឹត្តិការណ៍ថ្ងៃនេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីដែលមានសាលប្រជុំធំ និងបំពាក់ដោយម៉ាស៊ីនត្រជាក់ នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ក្នុងការបំពេញការងារកាន់តែសកម្មជាងមុន ដើម្បីបង្ខិតសេវាសាធារណៈឲ្យបានដល់ប្រជាពលរដ្ឋ ហើយការរធ្វើប្រតិភូកម្មសិទ្ធិចេញ CO ទម្រង់ D នឹងជួយកាត់បន្ថយបាតុភាពអសកម្មផ្សេងៗ ដែលរាំងស្ទះដល់ការនាំចេញកសិផលជាយថាហេតុ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាពជាងមុន។
ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ធ្វើសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងអំពាវនាវដល់ផលិតករ និងពាណិជ្ជករ មកទទួលយកសេវារចេញ CO ទម្រង់ឌី (D) នៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ដើម្បីសន្សំថវិកា និងពេលវេលា ក្នុងការនាំចេញកសិផលទៅកាន់ប្រទេសវៀតណាម និងឡាវ ចាប់ពីថ្ងៃនេះតទៅ។
លោក ថង សាវុន បានចាត់ទុកអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មនេះ ជាមោទនភាព និងសមិទ្ធផលដ៏មានសារៈសំខាន់ ដែលបង្ហាញពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តរតនគិរី ដំណាលគ្នានឹងវិស័យផ្សេងៗទៀត ដែលកំពុងតែបោះជំហានឆ្ពោះទៅមុខជាលំដាប់។ លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានធ្វើប្រតិភូកម្មសេវាចេញ CO ទម្រង់ឌី (D) ជូនមន្ទីរពាណិជ្ជកម្ម ដើម្បីរួមចំណែកពង្រឹងការអភិវឌ្ឍវិស័យឯកជននៅក្នុងខេត្តរតនគិរី ឲ្យកាន់តែភាពប្រកួតប្រជែង។
សូមរំលឹកដែរថា កាលពីក្នុងឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស បានកើនឡើងដល់ ១១,១៥៣លានដុល្លារអាមេរិក គឺស្មើនឹងជាង១៨% បើធៀបឆ្នាំ២០១៦ ដែលមានទឹកប្រាក់ត្រឹមតែ ៩,៤២១លានដុល្លារអាមេរិក។ ដោយឡែក ការនាំចេញតាមរយៈវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណ ៦៦% គឺពីទឹកបា្រក់ ៧២៨លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ រហូតដល់ ១,២១៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕