(កំពង់ឆ្នាំង)៖ រយៈពេល២ថ្ងៃជាប់ៗគ្នានេះ ភ្លៀងបានធ្លាក់ខ្លាំងជាបន្ដបន្ទាប់ នៅរាជធានីភ្នំពេញ ដែលបណ្ដាលឲ្យផ្លូវស្ទើរតែទូទាំងរាជធានីភ្នំពេញ ហាក់រងការជន់លិចផងដែរ ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមកក៏ស្រក់អស់ទៅវិញ។ ទន្ទឹមនឹងនេះ ក៏មានមតិរិះគន់មួយចំនួនផងដែរថា ឲ្យតែភ្លៀងខ្លាំងម្ដងណា ដឹងតែលិចរាជធានីភ្នំពេញតែម្ដង។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មិនមែនតែរាជធានីភ្នំពេញទេ សូម្បីតែទីក្រុងរ៉ូមរបស់អ៉ីតាលី ក៏លិចដែរ បើកម្រិតទឹកភ្លៀងធ្លាក់លើស ពីបរិមាណលូទេនោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ភ្នំពេញ២ថ្ងៃនេះ គឺជាភ្នំពេញពោរពេញដោយទឹកអុំទូកបាន ទោះបីលូប៉ុណ្ណាក៏ទ្រាំមិនរួចដែរ មិនមែនតែទីក្រុងប្រទេសយើងនោះទេ ទីក្រុងប្រទេសដ៏ទៃក៏ដោយ រាប់ទាំងទីក្រុងរ៉ូមរបស់ប្រទេសអ៉ីតាលី ដែលចាត់ទុកថាទីក្រុងល្បីល្បាញ ទីក្រុងប្រទេសមួយចំនួន»។
ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកជាឧទាហរណ៍បញ្ជាក់ថា ប្រសិនបើភ្លៀងមួយមេខ្លាំង ហើយទំហំលូទទួលបានទឹក តែកម្រិត៥០មីលីម៉ែត្រ ប៉ុន្ដែបើភ្លៀងម្ដងរហូតដល់ទៅ១០០មីលីម៉ែត្រ ឬ១៥០មីលីម៉ែត្រ គឺច្បាស់ជាលិចជាក់ជាមិនខានឡើយ ព្រោះថាបរិមាណទឹកភ្លៀងលើសកម្រិតលូ។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ បើប្រៀបធៀបកម្ពស់នឹងនីវ៉ោទឹកសមុទ្រ គឺមានកម្ពស់ទាបជាង ពោលមានតែព្រះមរបរាជរាំង និងវិមានឯករាជ្យតែប៉ុណ្ណោះ ដែលមានកម្ពស់ខ្ពស់ជាង ឯក្រៅពីនេះទាបជាងទាំងអស់។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ លូស្ទើរទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបានសាលារាជធានីភ្នំពេញ ជួសជុល និងស្ដារឡើងវិញ ដោយដាក់ទំហំមុខកាត់ធំ ដើម្បីឲ្យទឹកហូរលឿនជម្លៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ប៉ុន្ដែប្រសិនបើភ្លៀងធ្លាក់ខ្លាំងមានរយៈពេលច្រើនម៉ោងនោះ ក៏នៅមានកន្លែងខ្លះ រង់ការជន់លិចបន្ដិចបន្ដួចផងដែរ ដែលការលិចនោះត្រឹមតែប៉ុន្មានម៉ោងក្រោយក៏ស្រក់អស់ទៅវិញ៕