(ភ្នំពេញ)៖ ភាពយន្តខ្មែរ ដែលបានបង្កប់ទៅដោយជំនឿ អរូបិយ តាំងពីបុរាណកាលមក និងជាស្នាដៃដំបូងបស់ក្រុមតារាចម្រៀង Original song មានចំណងជើងថា «បាតដៃខ្មៅ» បានបើកសម្ពោធជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅរោងភាពយន្ត Major Cineplex ដោយមានការចូលរួម ពីសំណាក់អ្នកដឹកនាំសម្ដែង តារាសម្ដែង និងថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋ មួយចំនួនផងដែរ។ ជាការពិតរឿង «បាតដៃខ្មៅ» បាននិយាយពីជំនឿ ដោយបង្ហាញឲ្យដឹងថា ពេលទៅណាមកណា មិនថាទៅព្រៃទៅភ្នំទៅតំបន់ឆ្ងាយ ត្រូវតមមាត់តបសម្ដី ហើយគោរពតាមវប្បធម៌ទំនៀម ទំលាប់របស់អ្នកភូមិស្រុកគេ។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus បានថ្លែងឲ្យដឹងថា លោកអ្នកមិនទាន់បានទស្សនារឿង «បាតដៃខ្មៅ» អាចនឹងគិតថា រឿងនេះ ចូលដល់អារម្មណ៍អ្នកទស្សនាបានអត់។ ប៉ុន្តែលោកអ្នកនឹងភ្ញាក់ផ្អើល ចំពោះសាច់រឿងមួយនេះ ក៏ដូចជាទេពកោសល្យតួសម្តែង ដែលគ្រាន់តែជាអ្នកចម្រៀង បែបស្នាដៃកូនខ្មែរ បែរជាមកក្លាយជាថតភាពយន្ត រួចសម្តែងបានកម្រិតមួយនឹកស្មានមិនដល់។ លោកចង់ផ្តល់ឱកាសឲ្យអ្នកនិពន្ធវ័យក្មេង ផលិតករវ័យក្មេង និងតារារលកក្រោយ មានឱកាសបញ្ចេញនូវអ្វីដែលខ្លួនស្រឡាញ់ ហើយខិតខំធ្វើឲ្យបាន។ យើងក៏ត្រូវការអ្នកដឹកនាំជើងចាស់ព្រឹទ្ធាចារ្យនានា ដើម្បីប្រឹក្សាជូនអ្នកក្រោយ។
លោកបន្តថា ពិតហើយថា ទស្សនិកជន ធ្លាប់តែបានអានប្រលោមលោករឿង «បាតដៃខ្មៅ» ដែលប្រលោមលោកមួយនេះ គឺធ្វើឲ្យមានការគាំទ្រច្រើន ធ្វើឲ្យក្រុមហ៊ុន Sabay Digital Plus បានសម្រេច ចាយទុនផលិតប្រលោមលោកនេះ ឲ្យក្លាយជាសាច់រឿង ដាក់បញ្ចាំងតាមរោងកុននានា ក្រោមហេតុផលពីរ គឺទីមួយចង់ឲ្យអ្នកគាំទ្រ ប្រលោមលោកនេះ បានទស្សនារឿងពិត និងទីពីរចង់ចូលរួមលើកស្ទួយភាពយន្តខ្មែរ។
លោក ជី សិលា បានសង្កត់ធ្ងន់ថា លោកជឿជាក់ថារឿង «បាតដៃខ្មៅ» ជារឿងដែលបញ្ចូលច្រើនរសជាតិ តម្រូវតាមចិត្តអ្នកទស្សនា ហើយក្រុមការងារសម្រឹតសម្រាំង ទាំងតួសម្តែង ការដឹកនាំ ទីតាំងប្លង់ ការថត មិនធ្វើឲ្យអ្នកទស្សនាខកចិត្តទេ។ «បាតដៃខ្មៅ» បោះទុនល្មមទេ តែបានដាក់ទិសដៅបង្ខំតារាថ្មីភាគច្រើន ជាអ្នកចម្រៀង អ្នកនិពន្ធរហូតទាល់តែអាចសម្រេចបាន។ រឿងនេះ បង្ហាញពីអបិយជំនឿប្លែកៗ របស់ប្រជាជននៅតំបន់ភូមិភាគឦសាន ដូចជាប្រពៃណីរំដោះគ្រោះ ហៅវិញ្ញាណកាប់ក្របី សែនជាដើម។
រឿង «បាតដៃខ្មៅ» នឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ចាប់ពីថ្ងៃទី២៨ ខែមិថុនា នៅតាមរោងភាពយន្តទាំងរាជធានីភ្នំពេញ និងតាមខេត្ត។ លោក សិលា បន្តថា លោកជ្រើសរើសតារាថ្មី ក្នុងនោះតារាមួយចំនួន ក៏ជាអ្នកចម្រៀងដែលតែងាកមកសម្តែង បែរជាទទួលផលល្អ ថ្ងៃក្រោយពួកគេចេះទាំងច្រៀង និងសម្តែង។ រឿងនេះ មានភាពទាក់ទាញទៅថតក្នុងព្រៃយើង បានសាកល្បងតួថ្មីមួយចំនួន ដើម្បីតេស្តសមត្ថភាព។ យើងនៅតែប្រកាន់គោលជំហរថតរឿងខ្មែរយើង យ៉ាងហោចណាស់១ឆ្នាំ បាន២ទៅ៣រឿង។ បើទោះជារឿងនេះ មានលទ្ធផលបែបណា យើងនៅតែប្រកាន់គោលបំណងផលិតភាពយន្តខ្មែរ ជាបន្តទៀត ។
ដោយឡែកលោក មាស រស្មី ផលិតករក្នុងភាពយន្ត រឿង «បាតដៃខ្មៅ» បានបន្ថែមថា នេះជារឿងដែលបានបង្កប់នូវជំនឿ ស្ដីពីតំណមពាក្យសម្តី របស់អ្នកដំណើរ និងតំណមសម្រាប់ការប្រើពាក្យ ចំពោះអ្នកជិតស្លាប់ ឬវិញ្ញាណអាក្រក់នានា ដែលសុទ្ធតែមានឥទ្ធិពលកាចសាហាវ មកតាមព្យាបាទ និងនាំចង្រៃ ឬឧប្បតិ្តហេតុនានា ដែលនឹកស្មានមិនដល់នោះផង។ យោងតាមការទម្លាយ ជាធម្មតាក្នុងការធ្វើដំណើរផ្លូវឆ្ងាយនានា ខ្មែរតែងតែប្រកាន់យកនូវតំណមជាច្រើន ដែលក្នុងនោះមានពាក្យសម្តីមិនសមរម្យ និងកាយវិការប្រមាថ ដែលនឹងរំលេចនៅក្នុងរឿងបាតដៃខ្មៅនេះ ផងដែរ។
លោកបន្តថា ម្យ៉ាងវិញទៀតឈុតរន្ធត់ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ស្តែងៗ រឿង «បាតដៃខ្មៅ» ដែលទស្សនិកជនស្ទើរតែ មិនហ៊ានទស្សនា នឹងលាយលំទៅដោយការធ្វេសប្រហែស របស់អ្នកបើកបរបច្ចុប្បន្ន នៅលើដងផ្លូវ។ អ៊ីចឹងហើយទើបភាពយន្តនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងអាចជោគជ័យ ក្នុងពេលដាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះ៕