(តាកែវ)៖ កុមារក្រីក្រជាច្រើននាក់ ដែលកំពុងរស់នៅក្នុងព្រៃផ្គាំ.គ ស្រុកអង្គរបូរី ខេត្តតាកែវ ទទួលបានអាហារូបករណ៍ ពីសាលារៀន អន្តរជាតិ ភាសាបរទេស ដែលបង្កើតឡើងដោយ យុវជនម្នាក់ឈ្មោះ ហ៊ុយ ក្រេង មានស្រុកកំណើតនៅជនបទ ដោយរៀនសូត្រពីទីក្រុងភ្នំពេញ សុខចិត្តលះបង់ការងារប្រាក់ខែ រាប់រយដុល្លារនៅភ្នំពេញ ទៅបង្កើតសាលាបង្រៀនភាសាអង់គ្លេសនេះ។
តាមការរៀបរាប់ ប្រាប់អង្គភាព Fresh News លោក ហ៊ុយ ក្រេង បានបញ្ជាក់ថា ការបង្កើតសាលានេះ គាត់គិតថាចង់បង្កើនចំណេះដឹង ភាសាអង់គ្លេស អភិវឌ្ឍន៍នៅតាមជនបទ ដើម្បីឲ្យសិស្សក្មេងៗ និងសិស្សដទៃទៀត បានរៀនភាសាអង់គ្លេសនឹងគេ។ ប៉ុន្តែពេលគាត់បានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០១៦កន្លងទៅ គឺគាត់មានថវិកាមិនគ្រប់គ្រាន់នោះទេ។
ជាមួយគ្នានោះ លោក ហ៊ុយ ក្រេង ក៏សូមអំពាវនាវឲ្យសប្បុរសជន ជួយឧបត្ថម្ភជាថវិកា ឬសម្ភារសិក្សា មកសាលារបស់លោកផងដែរ ព្រោះបច្ចុប្បន្ន សាលារៀន អន្តរជាតិ ភាសាបរទេស មានការខ្វះខាត ឧបករណ៍សិក្សាជាច្រើន សម្រាប់បង្ហាត់បង្រៀនក្មេងៗ។
បើតាមអ្នកស្រី អ្នក សុខឃឿន មានកូនចំនួនពីរនាក់ និងកូនបងទើបតែ ទទួលបានអាហារូបករណ៍ ពីលោក ហ៊ុយ ក្រេង បានឲ្យដឹងថា អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ ដែលបានឃើញកូនរបស់គាត់ អាចរៀនភាសាអង់គ្លេសបាន ព្រោះថា គ្រួសារអ្នកស្រី គ្មានសមត្ថភាព ឲ្យកូនរបស់គាត់ ទៅចូលរៀននោះទេ៕