(សៀមរាប)​៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បាននាំយកទៀនវស្សា​ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ​ប្រគេនជូនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប។

លោក ឃឹម ប៊ុនសុង ​បានបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃនាពេលនេះ ​ប្រគេនដល់ព្រះសង្ឃ ក្នុងរយះពេលគង់ចាំព្រះវស្សា ក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសល ដល់វិញ្ញាណក្ខ័ន្ធ​អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ​។

លោក ឃឹម ប៊ុនសុង ​ក៏បានលើកឡើងផងដែរ សម្រាប់ប្រជាពលរដ្ឋ និង​​ពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ​មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជា របស់​ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរយើង​។

ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នៅព្រះវិហារព្រះអង្គចេកព្រះអង្គចម នាពេលនេះ ​គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត បានដង្ហែរយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង​សិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ។

បើតាមលោក ឃឹម ប៊ុនសុង ​ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបប្រទេសជាតិ​មានការអភិវឌ្ឍ​រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាមមាននៅគ្រប់ស្រុក គ្រប់ឃុំទូទាំងប្រទេស ដែលផ្តល់នូវទំនុក ចិត្តពីប្រជាពលរដ្ឋ​។

សម្ភារបរិក្ខាដែលបានប្រគេននាឱកាសនោះ មានទៀនវស្សា​០១គូ​ និង​គ្រឿងឧបភោគបរិភោគមួយចំនួន ព្រះសង្ឃ៥អង្គ​ ក្នុងមួយអង្គ១០ម៉ឺនរៀល យាយជី តាជី​២០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល​៕​