(កំពង់ចាម)៖​ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់តែខិតជិតចូលមកដល់ហើយនោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បាននិងកំពុងតែត្រៀម យ៉ាងយកចិត្ដទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្រាប់ដំណើរការបោះឆ្នោតដ៏ធំមួយនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ​ដឹកនាំគណៈស្នងការទទួលចុះជួយស្រុក ក្រុង និងបានចុះ​ត្រួតពិនិត្យកម្លាំង ដែលមានភារកិច្ចការពារការបោះឆ្នោត តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន​៨ប៉ុស្ដិ៍ និងកម្លាំងប្រជាការពារ​៨ឃុំ សរុបចំនួន​២១៩នាក់ ក្នុងនោះប្រជាការពារចំនួន​១៣៥នាក់។

​ការចុះត្រួតពិនិត្យកម្លាំងនេះ ​លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយល់អំពីនីតិវិធី គោលការណ៍ ក្រមសីលលធម៌ និង​ការងារពាក់ព័ន្ធ នឹងការបោះឆ្នោត, រៀបចំកម្លាំងការពារការិយាល័យបោះឆ្នោត
, ត្រូវបំពេញកាតព្វកិច្ច ជាពលរដ្ឋខ្មែរ និងជួយក្រឿន​រំលឹកសាច់ញាតិ និងចលនាឲ្យប្រជាជន​ទៅ​ចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា, ហាមប្រើ ស្លាកសញ្ញាផ្សេងៗ ចូលរួមហែគណបក្ស, ធ្វើការងារជំនាញ​ ដើម្បីបង្ក្រាបបទល្មើសគ្រប់ ប្រភេទដូចជា ជល់មាន់ ល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន លួចឆក់ ជាដើម និងពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល​ ក៏បានណែនាំបន្ថែមទៀត អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃ និងការផ្លាស់ប្តូរវេនធ្វើការ ទៅតាមគោលការណ៍ និងផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ។

ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឲ្យដឹងដែរថា សម្រាប់កម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ដែលត្រៀមរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតនេះ មានចំនួន៤,០២៨នាក់ ដោយមានទាំងកម្លាំងត្រៀមអន្ដរាគមន៍២៤ម៉ោង លើ២៤ម៉ោង និងកម្លាំងដែលរៀបចំតាមផែនការ។

​ឆ្លៀតពេល មកបំពេញបេសកកម្មនៅស្រុកចំការលើ នាព្រឹកមិញនេះ ឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានបង្ហួសដំណើរ ទៅពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាលតាប្រុក ដែលជាចលនារបស់ស្នងការ​ អធិការ និងសប្បុរសជន ស្ថិតក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ​​។ ក្រោយការពិនិត្យជាក់ស្ដែង លោកបានកត់សម្គាល់ឃើញថា ការសាងសង់សម្រេចបានប្រមាណ​៨០%ហើយ ព្រមទាំងណែនាំឲ្យពន្លឿនការសាងសង់ ដើម្បីជួយសម្រួលដល់ការងារ មន្ត្រីនគរបាលប៉ុស្តិ៍ផងដែរ៕