(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) គណៈប្រតិភូសហព័ន្ឋសហជីពឡាវ (LFTU) ចំនួន៥រូប ដឹកនាំដោយលោក Vanhna Doungphachanh បានជួបពិភាក្សាការងារទ្វេរភាគីជាមួយ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៏នៃសហជីពប្រទេសទាំង២។
លោក សោម អូន ប្រធាន NACC បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងសហជីពប្រទេសទាំងពីរ ដែលក្នុងនោះ បានផ្លាស់ប្តូរគណ:ប្រតិភូទស្សនកិច្ចជារៀងជាទៀងទាត់ ហើយភាគីទាំងពីរតែងតែគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងសកម្មភាព ដើម្បីការពារផលប្រយោជន៍រួមទាំងទ្វេរភាគី ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
លោក សោម អូន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហជីពឡាវក្នុងរយៈពេល៥ថ្ងៃនេះ ដែលនឹងទទួលបាននូវលទ្ឋផលផ្លែការជាវិជ្ជមានបន្ថែមទៀត ជាពិសេសភាគីទាំងពីរនឹងទទួលបាននូវការចែករំលែកបទពិសោធន៏ពីគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះដំណើរទស្សនកិច្ចនេះ នឹងពង្រឹងបានបន្ថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ។ ជាមួយនេះដែរលោក សោម អូន ក៏បានលើកឡើង អំពីសភាពការណ៏បច្ចុប្បន្ន នៃចលនាសហជីពសភាពការណ៍សេដ្ឋកិច្ច និងសភាពការណ៍នយោបាយ នៅកម្ពុជានៅក្នុងពេលបច្ចុប្បន្ន។
លោក VanhnaDoungphachanh ប្រធានគណៈប្រតិភូ និងជាអនុប្រធានសហព័ន្ធសហជីពឡាវ បានសម្តែងនូវមោទនភាព និងថ្លែងអំណរគុណចំពោះលោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ដែលបានដឹកនាំផ្តួចផ្តើមឲ្យមានទំនាក់ល្អរវាងសហជីពប្រទេសទាំងពីរ។ លោកក៏បានសង្កត់ធ្ងន់ថា ភាគីសហជីពឡាវ នឹងខិតខំពង្រឹងបន្ថែមទៀត ដើម្បីរិតចំណងសាមគ្គីភាព និងពង្រឹងកិច្ចកិច្ចសហការ អោយរឹតតែស៊ីជម្រៅ ដើម្បីផលប្រយោជន៍នៃពលករប្រទេសទាំងពីរ។
សូមបញ្ជាក់ថា យោងតាមស្មារតី នៃកិច្ចសហប្រតិបត្តិការនៃសហជីពទាំងពីរ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានអញ្ជើញ គណៈប្រតិភូសហព័ន្ឋសហជីពឡាវ មកបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅកម្ពុជា គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ សហព័ន្ឋសហជីពឡាវ នឹងចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ឋមួយចំនួនផងដែរ ៕