(ក្រចេះ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិអូរលាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យគ្រឿងញៀនខេត្តក្រចេះ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតបានគ្រឿងញៀនជាច្រើន។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ស្រុន ពិសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម) និងឈ្មោះ តូច សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅស្ថិតក្នុងភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
វត្ថុតាងចាប់យករួមមាន ក្រាមម្សៅពណ៌សថ្លា ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់មធ្យម និងម៉ូតូចំនួន២គ្រឿង ម៉ាក HONDA ZOOMER X ពាក់ស្លាកលេខ ក្រចេះ 1D-8475 និងម៉ាក HONDA WAVE ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងនគរបាលគ្រឿងញៀនខេត្តក្រចេះ បានយកទៅប្រគល់ឲ្យកម្លាំងនគរបាលគ្រឿងញៀនខេត្តស្ទឹងត្រែង ដល់ស្នងការដ្ឋាន
ដើម្បីផ្តុំសំណុំរឿងតាមនីតិវិធី៕