(ភ្នំពេញ)៖ បន្ទាប់ពីមានភ្ញៀងធ្លាក់យ៉ាងគំហុក រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៦ ខែមិថុនាឆ្នាំ២០១៨នេះ ធ្វើឲ្យតំបន់ និងផ្លូវសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញ មានការលិចលង់ ធ្វើឱ្យមានមតិមួយចំនួន បានលើកឡើងអំពីបញ្ហានេះ ប៉ុន្តែយ៉ាងណាក៏ដោយនោះគេមើលឃើញថា ស្ថានភាពជំនន់ទឹកភ្លៀងឆ្នាំនេះ អាចប្រសើរជាងឆ្នាំកន្លងមុនៗ។
ទាក់ទិននឹងបញ្ហាជំនន់ទឹកភ្លៀងនៅដើមរដូវនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានពន្យល់យ៉ាងដូច្នេះថា ការលិចលង់ឆ្នាំនេះ នៅតាមតំបន់មួយចំនួន មានការស្រក់យ៉ាងលឿនណាស់ បើធៀបទៅនឹងឆ្នាំកន្លងទៅ បន្ទាប់ពីភ្លៀងធ្លាក់រួច។ ការស្រក់លឿននេះ ដោយសារបានរៀបចំប្រព័ន្ធលូបានច្រើន ជាពិសេស ការដាក់ចេញនូវយុទ្ធនាការក្តៅគគុក ស្តាប្រព័ន្ធលូ ប្រឡាយជាង៤០០គីឡូម៉ែត្រ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានលើកឡើងទៀតថា ល្បឿនៃការហូទឹកឃើញថាបានលឿន បើទោះបីជាភ្លៀងគំហុកយ៉ាងណាក៏ដោយ។ ម៉្យាងទៀតចំពោះបញ្ហាទឹកភ្លៀងនេះ រាជធានីភ្នំពេញ មានការលំបាក ដោះស្រាយ បើធៀបទៅនឹងទីក្រុងផ្សេងៗ ដោយសាយើងព័ន្ធជុំវិញដោយទំនប់ ជាដីទំនាបធ្វើឱ្យល្បឿនទឹកហូរមានកម្លាំងខ្សោយ ដែលទាមទារឱ្យយើងប្រើប្រាស់ ម៉ាស៊ីនបូមចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា ចាប់តាំងពីរដូវវស្សាមកដល់មានភ្លៀងធ្លាក់ជាហូរហែ តែមិនដែលលិចលង់នោះទេ ទើបតែ២ថ្ងៃនេះ ដោយសារភ្លៀងធ្លាក់គំហុកខ្លាំងលើសពី៤០មីលីម៉ែត្រ។ យ៉ាងណានោះលោកថា ដើម្បីសំរាលដល់ការលិចលង់នេះ ឱ្យមានពេលតិចបំផុត គឺសុំឱ្យបងប្អូនជួយកាយសំរាម បាំងសំរាស់ នៅមុខអណ្តូងលូ រួមជាមួយមន្រ្តីរាជការ ដែលបាននិងកំពុងខិតខំប្រឹងប្រែងជាខ្លាំង តាមអនុសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា «បច្ចុប្បន្ននេះ មើលឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានបិទអណ្តូងលូ ឬបិតមាត់លូតូច ចៀសវាងក្លិនស្អុយនៅតាមមុខផ្ទះរៀងខ្លួន ក៏ជាបញ្ហាដែលនាំឱ្យ ទឹកហូរចូលលូយឺត និងបង្ករការលិចលង់ ឬបាត់អណ្តូងលូនៅតំបន់មួយចំនួន ដូច្នេះស្នើឱ្យមានកិច្ចសហការ បើកអណ្តូងលូ និងរាយការមកអាជ្ញាធរ ពិសេសអ្នកបិតផ្ទាល់ត្រូវបើកឡើងវិញ»។
លោកបានបញ្ជាក់ទៀតថា ការលិចលង់បណ្តាលមកពីបញ្ហាសំរាម បញ្ហាខ្វះអណ្តូងលូ និងបិតមាត់អណ្តូងលូឱ្យនៅតូច។ ហេតុដែលសន្និដ្ឋានយ៉ាងដូចនេះ ក៏ដោយសារថា បានផ្លាស់ប្តូរបណ្តាញលូធំៗ ក្នុងរាជធានីភ្នំពេញ រហូតដល់ទៅ៣២០គីឡូម៉ែត្រ នៅក្នុងខណ្ឌចំនួន៤ ហើយក៏កំពុងតែបន្តសកម្មភាពនេះឱ្យបានរួចរាល់តាមផែនការ។ ចំពោះទឹកដែលធ្លាក់ពីខណ្ឌទាំងនេះ បានលូធ្លាក់ ទៅស្ថានីយ៍បូមទឹកបឹងត្របែក ហើយស្ថានីយ៍មួយនេះ មានសមត្ថភាពបូមទឹករហូតដល់ទៅ១១ម៉ូទ័រ ប៉ុន្តែកន្លែងបូមបានតែ៦ទៅ៧ម៉ូទ័រតែប៉ុណ្ណោះ ដោយសារទឹកហូរមកអត់ទាន់ដោយសារសំរាម។
លោក សាំ ពិសិដ្ឋ បានបន្តថា នៅខែមុខនេះ យើងបានកាយសំរាមរួចរាល់ហើយ ប៉ុន្តែនៅពេលនេះ សំរាមបានមកកកពេញមុខប្រឡាយបឹងត្របែកវិញហើយ ដូច្នេះនៅថ្ងៃស្អែកទី២៧ ខែមិថុនានេះ កម្លាំងរបស់មន្ទីរដោយបានគោលការណ៍ពីលោកអភិបាល ដាក់បទបញ្ជា នឹងចាប់ផ្តើមចល័តគ្រឿងចក្រ ដើម្បីកាយសំរាមទាំងនោះឡើងវិញ។
លោកថា ជាមធ្យម សំរាមដែលបានទំលាក់ចូលប្រឡាយ ក្នុងមួយថ្ងៃមិនទាបជាង៣២ម៉ែត្រគូប ប្រហែលជា៨ឡាន។ ជាទូទៅរយៈពេល២ខែ ចាប់ផ្តើម កាយសំរាមចេញម្តង ដែលក្នុង២នោះ កាយសំរាមបានជាង៥០០ឡាន ដែលបានបាំងអណ្តូងលូ ហើយបន្ទាប់មកវាបានមកបាំងមុខសំរាស់នៅមុខស្ថានីយ៍ និងបាំងផ្លូវទឹកហូរជាបន្តទៀត។
ប្រសិនបើមានភ្លៀងធ្លាក់យ៉ាងគំហុកបែបនេះ តែងតែលិចលង់កុំថា នៅរាជធានីភ្នំពេញ ទោះជានៅទីក្រុងបាងកក ហូជីម៉ិញ ម៉ានីល ឬនៅទីក្រុងណាក៏ដោយ វាតែងតែប្រឈមដែលទាមទារ ឱ្យមានការដោះស្រាយជាបន្តបន្ទាប់ដោយជាក់ស្តែង។ ដូចជា នៅភ្នំពេញ ប៉ែកខាងត្បូង និងខាងកើតព្រលានយន្តហោះ និងតំបន់សឡា តែងមានការជនលិច ប៉ុន្តែពេលនេះឃើញថា ទឹកហូរបានលឿនល្អ លិចរយៈពេលខ្លី អាចតែពី២ម៉ោងជាងប៉ុណ្ណោះ ខុសពីលើកមុនៗដែលលិចម្តងៗ អាចមានរយៈពេលចាប់៧ម៉ោងឡើងទៅ។ ក្រៅពីនោះ មានតំបន់មួយចំនួនទៀត ក៏មានស្ថានភាពធូស្រាលផងដែរ បើធៀបទៅនឹងឆ្នាំកន្លងទៅ យ៉ាងណាអាជ្ញាធរ ក៏មិនបន្ធូដៃទេគឺបន្តខិតខំបន្ថែមទៀត ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរ។
លោកប្រធានមន្ទីរស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ ជាមួយអាជ្ញាធរនៅពេលភ្លៀង កាយផ្លូវបង្ហូរទឹក កាយមុខលូ បើកមាត់លូឱ្យធំ កុំចោលសំរាមមុខលូ និងក្នុងប្រឡាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទឹកនេះឱ្យមានប្រសិទ្ធភាព៕