(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទ មកទទួលយកនូវទេយ្យទាន មានជាបច្ច័យ សម្ភារ និងគ្រឿងឧបភោគ បរិភោគសរុបជាថវិកាជាង៧លានរៀល ពីព្រះតេជព្រះគណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ រាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុក បន្តចែកជូនជួយសង្គ្រោះតាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅវត្តញាណរង្សី ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសប្រគល់ និងទទួលបច្ច័យ និងគ្រឿងឧបភោគ បរិភោគខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តញណរង្សី ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោក ជា ពិសី លោក ជា ពិសី បានថ្លែងទៀតថា លោកនឹងសន្យាបន្តពាំនាំយកនូវបច្ច័យ រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលទទួលបានការឧបត្ថម្ភពីព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ព្រះតេជគណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បានមានសង្សដីកាផងដែរថា សម្រាប់បច្ច័យ និងគ្រឿងឧបភោគបរិភោគ និងត្រូវជួយផ្ដល់ជាបន្តបន្ទាប់ មកឲ្យអនុសាខាកាកបាទក្រហមកម្ពុជា តាមរយៈប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ លោក អ៊ំ សំបូរ ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការអាចារ្យវត្ត បានចូលរួមសហការបរិច្ចាគនូវវប្បធម៌ចែករំលែកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ។
បន្ថែមពីនេះ ព្រះតេជគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ បានមានសង្សដីកាថា ចំពោះបច្ច័យ ដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ រួមមា៖ អង្ករ១តោន ទឹកត្រី១០យួរ ទឹកក្រូច៥កេស ស្ករស៣០គីឡូ ទឹកដោះគោខាប់២០កំប៉ុង ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ តែ២០០កញ្ចប់ ត្រីខ១០យួរ ទឹកសុទ្ធ១០កេស បាឡុង២សម្រាប់ ម៊ី១០កេស និងបច្ច័យ៤លានរៀល សរុបរួមជាថវិកាមានចំនួន (ប្រាំពីរលាន ប្រាំសែន បួនម៉ឺនរៀល)៕