(ភ្នំពេញ)៖ នៅថ្ងៃទី២៨មិថុនា ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ មីក្រូហិរញ្ញវត្ថុ អម្រឹត, ក្រុមហ៊ុន G-GEAR, ក្រុមហ៊ុន ISI, ក្រុមហ៊ុនទូរស័ព្ទ Smart, មីក្រូហិរញ្ញវត្ថុ RFC, មីក្រូហិរញ្ញវត្ថុ មហានគរ, ក្រុមហ៊ុន ម៉ាស្ទើ ស៊ូគីស៊ុប, ក្រុមហ៊ុន ដេហាន អូតូ, ក្រុមហ៊ុន Ankornet និងក្រុមហ៊ុន មីងវួយ នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារ ចំនួនប្រមាណ១០៨៥កន្លែង។វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរ និងការងារ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។
ប្អូនស្រីវណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានលើកឡើងថា វេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ៖ “វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំមកវេទិកានេះជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិ/និស្សិតឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន》។
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយខែ ក្នុងខែមិថុនាឆ្នាំ២០១៨នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំវេទិកាការងារចំនួនបួនលើក ដែលមានក្រុមហ៊ុនចូលរួមសហការប្រមាណ៣០ក្រុមហ៊ុន និងមានអ្នកចូលរួម ប្រមាណជិត២,០០០នាក់ និងមានអ្នកជាប់ការងារទាំងបឋម និងស្ថាពរប្រមាណជិត១ពាន់នាក់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕