(​ភ្នំពេញ)៖ ​តាមបទបង្ហាញ របស់តំណាងក្រុមហ៊ុនសាងសង់ និងរបាយការណ៍របស់រដ្ឋាករទឹក ស្វយ័តក្រុង​ភ្នំពេញ បានឲ្យដឹងថា គម្រោងសាងសង់ពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ គឺជាគម្រោង ដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគដោយអង្គភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន​ជាង១៥ លានដុល្លារសហរដ្ឋអាមេរិក ​និងជិត ០៨ លានអឺរ៉ូ។ គម្រោងនេះ បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៧ ដោយក្រុមហ៊ុន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យ ដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safege)។

ការប្រកាសឲ្យដឹងជាសាធារណៈបែបនេះ គឺក្នុងឱកាសដែលលោកកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដំណើរដោយថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញ របស់ក្រសួង និង​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញចុះពិនិត្យជាក់ស្តែង ការដ្ឋានសាងសង់ពង្រីកសមត្ថភាពរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ ​មានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នេះ។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផល នៃការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតចំការមន​នេះ ដែលជាជំនួយដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងខណ្ឌចំការមន ដែលកំពុងមានការរីកដុះដាល យ៉ាងព្រោងព្រាតនូវសំណង់អគារធំៗ ខ្ពស់ៗ ហើយលោកសង្ឃឹមថា​ សំណង់ការដ្ឋាននេះ នឹងសម្រេចតាមផែនការ និងធានាគុណភាពខ្ពស់​។

គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាព អាងប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។
​គម្រោងនេះរួមបញ្ចូល ក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តាញមេនាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ ពីទន្លេបាសាក់បានចំនួន ៥៧.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងនាំទឹកស្អាត នៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមននេះ ក្នុងសមត្ថភាពផលិតចំនួន៥២.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។ បច្ចុប្បន្នគម្រោង នេះបានសម្រេចការងារ ចំនួន ២៩ % ធៀបនឹងការងារទាំងមូល។

​សូមបញ្ជាក់ថា​ សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាត បច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺ៖​ស្ថានីយភូមិព្រែក មានសមត្ថភាពផលិតបាន១៥ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ, ស្ថានីយជ្រោយចង្វារ មានសមត្ថភាពផលិត ១៣ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ​, ​ស្ថានីយនិរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយពេលសំណង់ការដ្ឋានចំការមននេះ សម្រេចរួចរាល់នឹងមានសមត្ថភាពផលិតបាន ៥ម៉ឺន​២ពាន់ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ​បន្ថែមទៀត។

ជាទស្សនៈវិស័យរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវខិតខំបន្ថែមទៀត​ ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការ ស្របពេលដែលរាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានពង្រីកផ្ទៃក្រឡារបស់ខ្លួនធំជាងមុន ហើយការអភិវឌ្ឍន៍ ​សំណង់អគារធំៗ និងប្រជាពលរដ្ឋ ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ផងដែរ។​

ដោយឡែក ការពង្រីកទុនវិនិយោគ ការស្វែងរកប្រភពជំនួយ និងដៃគូអភិវឌ្ឍគឺជាការងារចាំបាច់​ ដើម្បីដោះស្រាយការផ្គត់ផ្គង់ ទឹកស្អាតឲ្យដល់ទីប្រជុំជន និងឈានដល់តំបន់ជនបទ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ ដែលចង់ឲ្យប្រជាពលរដ្ឋទទួលបាន ទឹកស្អាតប្រើប្រាស់ ជៀសផុតបាននូវជំងឺដង្កាត់ផ្សេងៗ ដោយសារការប្រើប្រាស់ ទឹកមិនស្អាត៕