(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ​ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ​បានចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ស្ថិតក្នុងវត្តអរុណវត្តី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះសួរសុខទុក្ខ និងចែកអំណោយ​ ធ្វើឡើងក្រោមវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និង​លោក​ស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបា​ទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួម ពីលោក លោកស្រី អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ។

លោក ហែម ដារិទ្ធិ បានគូសបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានចំនួន១៣សង្កាត់ ភូមិចំនួន១៦២ភូមិ សហគមន៍ចំនួន១៨ ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខបងប្អូនក្រក្រីជីវភាពខ្វះខាត ចាស់ជរាគ្នាទីពឹងឲ្យបានគ្រប់ៗគ្នា​។

លោកបន្ដទៀតថា ដោយឡែក ប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ដែលមកពីចំនួន៨ភូមិ នៅព្រឹកនេះ ​ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ មី ទឹកក្រូច ទឹកត្រី ទឹកស៉ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធិ ក៏បានប្រាប់ឲ្យ​ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបោះឆ្នោតនៅ​ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់គ្នា៕