(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Goup នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានចូលរួមសិក្ខាសាលា ស្តីពី «ការពង្រឹងគុណភាពផលិតផលខ្មែរ ក្នុងបរិបទទីផ្សារប្រកួតប្រជែង នៅទីស្តីការគណៈរដ្ឋមន្រ្តី»។
លោកបានលើកឡើងថា ប្រាសាទអង្គរដ៏ចំណាស់មួយ ដែលជាស្នាដៃតស៊ូរបស់ដូនតាយើង អស់រយៈពេលរាប់រយឆ្នាំ អាចស្រូបទាញ ថវិកាពីភ្ញៀវទេសចររាប់លានដុល្លារ ដូច្នេះសូមបងប្អូនអាជីវករ កសិករ មេត្តាលើកតម្កើនផលិតផលខ្មែរយើង ព្រោះផលិតផលជាតិយើង ក៏ជារបស់ប្រេន (ម៉ាក) បានដែរ មិនចាំបាច់តែរបស់បរទេសនោះទេ។
ក្នុងឱកាសនោះដែរ លោកក៏បានកោតសសើរដល់អាជីវករទាំងអស់នូវការតស៊ូ ខិតខំព្យាយាមបង្ហាញពីផលិតផលរបស់ខ្លួន ហើយក៏សំណូមពរបន្ថែមទៀត សូមកុំឈប់ និងរាថយ ទោះជាត្រូវដើរ រឺរត់ក៏ដោយ សូមចាប់ផ្តើមឲ្យតម្លៃផលិតផលយើងទាំងអស់គ្នា និងតស៊ូលះបង់ឲ្យអស់ពីកម្លាំងចិត្ត កម្លាំងកាយ ចំពោះស្នាដៃជារបស់ខ្លួនឯង កុំឲ្យកូនខ្មែរយើងជំនាន់ក្រោយ អស់ជំនឿចិត្ត និងលែងស្គាល់ផលិតផលជាតិយើង ដោយសារតែភាពខ្វះការតស៊ូរបស់ជំនាន់យើងនេះ «ខ្មែរបេះដូងតែមួយ»។
លោកថា នំអន្សមខ្មែរមួយ ដែលជាអត្តសញ្ញាណខ្មែរ និងជាស្នាដៃកូនខ្មែរពិតប្រាកដ ក៏ល្បីជាប់ឯកគ្តកម្មពិភពលោកផងដែរ នេះជាមោទនភាពជាតិ របស់កូនខ្មែរ៕