(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ម៉ៅ ច័ន្ទរស្មី មានតួនាទីជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបាននគរបាលខណ្ឌចំការមន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រា បើករថយន្ត ម៉ាកហាយឡេនឌឺ ទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងឈប់ស្ងៀម និងព្យាយាមបើករត់ តែនៅពេលនគរបាលដេញចាប់ ក៏ដកកាំភ្លើងគំរាមថែមទៀត។
ជនសង្ស័យជាម្ចាស់រថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766។
ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សំសែនឧត្ដម អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914។
សូមបញ្ជាក់ថា សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យ បានបើកបរក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តគេចតស្ងៀម នៅចំណុចមុខសាលាវិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយបង្ករួចជនសង្ស័យ បានព្យាយាមបើករថយន្តរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងម៉ាកប៉េរឺតា ភ្ជង់គំរាមសមត្ថកិច្ចថែមទៀតផង៕