(កំពង់ធំ)៖ កូនឈើគ្រញូង និងកូនឫស្សីចំនួន៧,០០០ដើម ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រួមជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ អង្គការសង្គមស៊ីវិល អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្ត នាំយកទៅដាំក្នុងសហគមន៍ព្រៃឈើ «ឃ្មុំស្រករថ្លុកឫស្សី» ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តព្រៃឈើជាតិ ផែនការយុទ្ធសាស្ត្ររ៉េដបូកថ្នាក់ជាតិ និងធ្វើការស្តារ បង្កើនគម្របព្រៃឈើ ព្រមទាំងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុផងដែរ។
សកម្មភាពដាំកូនឈើនេះ ធ្វើឡើងនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា នៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម មន្ទីរកសិកម្មបានបង្កើតសហគមន៍ចំនួន៣ផ្នែក គឺសហគមន៍នេសាទ សហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើ។
លោកបន្តថា ការរក្សាបាននូវព្រៃឈើក្នុងសហគមន៍ គឺធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបាននូវផលចំណេញ និងការទាញយកនូវអនុផលព្រៃឈើ និងការបង្កើននូវការដាំដុះ ការជួយរក្សាវប្បធម៌ គឺសំដៅលើការប្រើប្រាស់ និងផ្សំឱសថចេញពីធម្មជាតិ ដោយប្រើប្រាស់រុក្ខជាតិជាគ្រឿងផ្សំ ហើយដើម្បីឲ្យសហគមន៍ទទួលបាននូវភាពរឹងមាំ ទៅបានលុះត្រាតែមានការចូលរួម និងគាំទ្រពីជំនាញ និងអ្នកពាក់ព័ន្ធ។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានលើកឡើងថា ក្នុងសកម្មភាពជួយជំរុញ និងទ្រទ្រង់ភាពរីកចម្រើន ក៏ដូចជាដំណើរការរបស់សហគមន៍ឲ្យទទួលបានភាពជោគជ័យនោះ ខណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំ និងដាក់គម្រោងជួយគ្រប់គ្រង និងអភិរក្សក្នុងរយៈពេលវែងរហូតដល់១៥ឆ្នាំ ដោយធ្វើចែកជា៣រយៈពេលក្នុង៥ឆ្នាំម្តង លើបច្ចេកទេសក្នុងការដកហូតអនុផលព្រៃឈើក្នុងសហគមន៍នេះ ព្រមទាំងជួយសម្រួលលក្ខណ្ឌច្បាប់មួយចំនួនផងដែរ។
លោក សោម សុភ័ក្រ ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានឡើងថា ការដាំកូនឈើនៅថ្ងៃនេះ ស្ថិតនៅក្នុងតំបន់ស្តារឡើងវិញនៃព្រៃសហគមន៍មានចំនួន ៧,០០០ដើម ក្នុងនោះមានកូនឈើគ្រញូង ៥,០០០ដើម និងដើមឫស្សី ២,០០០ដើមផងដែរ។
រីឯអាជ្ញាធរ និងប្រធានសហគមន៍វិញ មានសប្បាយរីករាយ និងដឹកនាំប្រជាសហគមន៍ដាំដើមឈើ ព្រមទាំងធ្វើការប្ដេជ្ញាចិត្តចូលរួម និងថែរក្សាព្រៃសហគន៍ផងដែរ ព្រោះថាកន្លងមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់បានទទួលនូវទិន្និផលព្រៃឈើបានមួយចំនួនរួចមកហើយ ដែលក្នុងពួកគាត់អាចបេះផ្លែឈើទៅលក់ក្នុងទីផ្សារបានមួយចំនួន ដូចជាផ្លែគុយ បេះផ្សិត បោចវល្លិ៍ជាដើម៕