(ភ្នំពេញ)៖ លោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យក្រុមអ្នកលេងល្បែងជល់មាន់ចំនួន០៥នាក់ ត្រឡប់ទៅផ្ទះ ប៉ុន្តែតម្រូវឲ្យចូលខ្លួនមកវិញ ដើម្បីធ្វើការជំនុំជម្រះ នៅពេលដែលតុលាការកោះហៅ ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីតុលាការ ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News. ប្រចាំតុលាការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
បើតាមន្ត្រីតុលាការ បានឲ្យដឹងទៀតថា ការសម្រេចរបស់លោកស្រីព្រះរាជអាជ្ញាររង ស៊ឺ វណ្ណី គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជូនខ្លួនពួកគេមកដល់តុលាការនៅព្រឹកថ្ងៃដដែលនោះ។
គួររំលឹកថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ករណីបើកលេងល្បែងស៊ីខុសច្បាប់។
ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោង១១ថ្ងៃត្រង់ទី២៤ មិថុនា ២០១៨ នៅចំណុចផ្លុវបេតុងទួលតាប៉ុក ក្នុងដីឡូតិ៍ទុកចោល ក្រោមដើមពុទ្រាក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។
ក្រោយកសាងសំណុរឿងរួចរាល់ សមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជូនក្រុមអ្នកលេងល្បែងជល់មាន់ទាំងនោះ រួមទាំងវត្ថុតាងមកតុលាការ កាលពីព្រឹកថ្ងៃទី២៦ ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែត្រូវបានលោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណី សម្រេចឲ្យត្រឡប់ទៅផ្ទះវិញសិន៕