(ម៉ូស្គូ)៖ ការប្រកួតម៉ោង៩យប់, ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន ប៉េរូ បានស៊ីទម្លាក់ក្រុមអាស៊ី អូស្ត្រាលី ២-០ ស្របពេលបារាំងស្មើ ០-០ ជាមួយដាណឺម៉ាក បញ្ចប់វគ្គសន្សំពិន្ទុនៃពូល C នៅ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ការទទួលបាន៣ពិន្ទុដំបូង ក្នុងចំណោម៣ប្រកួតរបស់ប៉េរូ ក៏អត់ប្រយោជន៍ដែរ ដ្បិតត្រូវហាលអាវជាមួយអូស្រ្តាលី។ រីឯបារាំងបានដឹកដៃដាណឺម៉ាក ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ទាំងបារាំង និងដាណឺម៉ាក ត្រូវរង់ចាំលទ្ធផលពីរប្រកួតនៅពូល D រវាងក្រុមអាហ្សង់ទីន-នីហ្សេរីយ៉ា, ក្រូអាត-អាយឡែន ដែលជាក្រុមត្រូវប្រកួតខ្វែងពូលក្នុងវគ្គ១៦ក្រុមនៅ World Cup 2018។
ការប្រកួតម៉ោង១យប់, ក្រុមបាល់ទាត់អាហ្សង់ទីន បានកក់កៅអីមួយឡើងទៅវគ្គ១៦ក្រុមនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយយកឈ្នះ នីហ្សេរីយ៉ា ២-១ ចុងម៉ោង។
ការរកបាន៣ពិន្ទុជាលើកទី១ បានធ្វើឲ្យក្រុមរបស់ Lionel Messi រកបាន៤ពិន្ទុឈរនៅលេខ២ ក្នុងពូល ក្នុងខណៈ អាយឡែន បានចាញ់ក្រូអាត ២-១ ដែរនោះ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល D ។ អាហ្សង់ទីន នឹងត្រូវជួបក្រុមលេខ១ ពូល C បារាំង និងក្រូអាត ត្រូវប៉ះក្រុមលេខ២ ពូល C ដាណឺម៉ាក ក្នុងវគ្គ១៦ក្រុមនៃ World Cup 2018៕