ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាល៥០នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
27-06-2018 08:55
(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ក្នុងនោះប្រកាសមុខតំណែង៣៦នាក់ និងបំពាក់ស័ក្ដិ១៤នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម និងការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងទិសដៅភារកិច្ច ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរងគ្រប់រូប លោកអនុប្រធានផែនជំនាញគ្រប់ផែន លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ ចំណុះនៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង នគរបាលស្រុក ក្រុង ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាទាំង១០៩ប៉ុស្តិ៍ សរុបចំនួន៣១៥នាក់ ស្រី០៤នាក់។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍សង្ខេបសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការប្រចាំ ខែមិថុនា ប្រៀបធៀប ខែឧសភា ឆ្នាំ២០១៨ សភាពការណ៍សន្តិសុខក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ពុំមានសភាការណ៍អ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិរួចមក បន្តចូលដល់ពិធីបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិចំនួន១៤នាក់ ចាប់ពីអនុសេនីយ៍ឯក ដល់ថ្នាក់ព្រិន្ទបាលឯក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានបង្ហាញនូវមោទនភាពចំពោះកងកម្លាំងទាំងអស់ ក្នុងការខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិសុខសង្គម
និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ កងកម្លាំងទាំងអស់ត្រូវធ្វើអំពើល្អជាមួយ ប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្តកុំឲ្យគាត់មានការថ្នាំងថ្នាក់។
ពិសេសគឺការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោត និងក្រោយការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមគំហែង និងអំពើហិង្សាផ្សេងៗ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជាតិមានកាតព្វកិច្ច ទៅចូលរួមការបោះឆ្នោត និងផ្សព្វផ្សាយដល់សាច់ញាតិ និងប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា៕