(ភ្នំពេញ​)៖ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​ មានជនជាតិចិនមួយក្រុមបានរត់ប្រលែងគ្នាពេញផ្លូវ គាប់ជួនពេលនោះមានសន្តិសុខកោះពេជ្រ២នាក់ បានជិះម៉ូតូទៅបុកត្រូវជនជាតិចិនម្នាក់ ក៏ឈ្លោះប្រកែកគ្នារហូតកើតហិង្សាមួយឡើង សាហាវដូច ក្នុងរឿងហុងកុងរវាង ជនជាតិចិន​មួយក្រុម វាយគ្នាជាមួយ សន្តិសុខកោះពេជ្រ បណ្ដាលឲ្យភាគីទាំងសង្ខាង របួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹងផងដែរ ។

ហេតុការណ៍ហិង្សារវាយគ្នាដូចរឿងហុងកុងនេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃពុធ​ ទី២៧ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខហាងយីហោ សៅដិន​ អ៊ិនធើណេសិនណល (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាន​ពីសន្តិសុខម្នាក់ដែលត្រូវបានជនជាតិចិនវាយឲ្យរងរបួសបែកមុខ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ Fresh News បានដឹងថា នៅមុនពេលកើតហេតុ​ គាត់បានជិះម៉ូតូឌុបសន្តិសុខម្នាក់ទៀតធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងជិះទៅស្កែនមេដៃចេញទៅផ្ទះ លុះធ្វើដំណើរ មកដល់មុខហាងយីហោ សៅដិន​ អ៊ិនធើណេសិនណល (Southern International)​ ដែលជាកន្លែងកើតហេតុ ស្រាប់តែមាន ជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ហើយក៏មានជនជាតិចិនម្នាក់រត់ក៏ទៅបុកម៉ូតូរបស់គាត់ ហើយក៏ប្រកែកតឹង​សរសៃ.ក ដាក់គ្នា រហូតកើតជាហិង្សាមួយកើតឡើង សាហាវដូច ក្នុងរឿងហុងកុង ភ្លាមនោះស្រាប់តែមានបុរសជនជាតិចិន បើករថយន្ត ស៊េរីទំនើប២គ្រឿង ទៀត មួយគ្រឿង ម៉ាក ផុច ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BA-0007 និងមួយគ្រឿងម៉ាក Cileca ពណ៌ទឹកប្រាក ពាក់ស្លាកលេខភ្នំពេញ 2V-9998 មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្តនិងជនជាតិចិន ប្រមាណជាង២០នាក់ទៀត បានដេញវាយសន្តិសុខដែលជាម្ចាស់ម៉ូតូ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រនាំគ្នាមកអន្តរាគមន៍ និងជួយឃាត់ផងដែរ តែដោយសារឃាត់មិនស្ដាប់ ទើបនាំគ្នាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យជនជាតិចិនម្នាក់ ដែលបើករថយន្ត ស៊េរីទំនើបនោះ បានសន្លប់ស្ដូកស្ដឹង​ និងរងរបួសទាំងសងខាង បែកមុខមាត់ជិត១០នាក់ទៀត ហើយក៏មានអ្នករបួសដែលជាសន្តិសុខកោះពេជ្រ ២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រ មកយកជនជាតិចិនជើងខ្លាំងដែលសន្លប់ យកទៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចក៏បានហៅភាគីទាំងសងខាងមកសម្រួលគ្នា តែនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួរ​រកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់ ។

ចំណែកឯមូលហេតុច្បាស់លាស់យ៉ាងណានោះ មិនទាន់អាចសុំការបញ្ជាក់ ពីលោកអធិការរងដែលទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌចំការមន និងលោកនាយប៉ុស្តិ៍ទន្លេបាសាក់បាននៅឡើយទេ ពាក់ព័ន្ធនឹងករណីហិង្សារ យ៉ាងសាហាវដាក់គ្នា រវាងក្រុមជនជាតិចិន និងក្រុមសន្តិសុខកោះពេជ្រ ខាងលើនេះ កើតឡើងដោយសារ អ្វីពិតប្រាកដនោះឡើយ៕