(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃអង្គារ៍ ទី២៦ ខែមិថុនាឆ្នាំ២០១៨ បាននិយាយថា លោកស្រីមិនអាចទៅចូលរួម ទស្សនាដោយផ្ទាល់ការប្រកួតបាល់ទាត់ World Cup របស់ក្រុមកីឡាករជម្រើសជាតិអាល្លឺម៉ង់ ជាមួយនឹងកូរ៉េខាងត្បូង នៅឯទីក្រុង Kazan ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះបានទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រីមឺគែល បានគូសបញ្ជាក់ដូច្នេះថា« ដោយសារតែជាប់ប្រជុំសភា ខ្ញុំនឹងមិនទៅចូលរួមទស្សនាការប្រកួតក្នុងទីក្រុង Kazan ឡើយ ប៉ុន្តែខ្ញុំសង្ឃឹមថាក្រុមកីឡាករជម្រើសជាតិអាល្លឺម៉ង់ នឹងអាចឆ្លងផុតវគ្គចែកពូល»។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែមិថុនា លោកស្រីអធិការបតីអាល្លឺម៉ង់ ធ្លាប់បានឱ្យដឹងថាលោកស្រី នឹងទៅចូលរួមទស្សនាការប្រកួតរវាងអាល្លឺម៉ង់ និងកូរ៉េខាងត្បូង បើសិនជាកាលវិភាគទំនេរ។
សូមជម្រាបថា បច្ចុប្បន្ន ក្រុមការពារដំណែងជើងឯកអាល្លឺម៉ង់កំពុងឈរនៅលេខរៀងទី០២នៅក្នុងពូល F តាមក្រោយមិចស៊ីកូ ដែល នឹងត្រូវប្រកួតជាមួយស៊ុយអែត នៅថ្ងៃពុធស្អែកនេះ។ ការប្រកួតបាល់ទាត់ពិភពលោក World Cup បានចាប់ផ្ដើមកាលពីថ្ងៃទី១៤ ខែមិថុនា ហើយនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែកក្កដា ដោយការប្រកួតទាំងអស់នឹងត្រូវប្រព្រឹត្តទៅនៅតាមពហុកីឡដ្ឋាបាល់ទាត់ក្នុង ទីក្រុងចំនួន១១ ទូទាំងប្រទេសរុស្ស៊ី៕