(ភ្នំពេញ)៖ សម រង្ស៊ី និងក្រុមចលនាឧទ្ទាមសង្គ្រោះជាតិ ពិតជាអស់ផ្លូវដើរមែនទែនហើយ ក្រោយពីផែនការបំផ្លាញកម្ពុជា និងផែនការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតរបស់ពួកគេ ត្រូវបានបរាជ័យជាបន្តបន្ទាប់ព្រោះប្រជាជនកម្ពុជានិងពិភពលោកបានមើលឃើញពីទង្វើក្បត់ជាតិរបស់ក្រុមនេះនិងលែងផ្តល់ការគាំទ្រ។ នៅពេលនេះ ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រចុងក្រោយគឺភូតកុហក និងញុះញង់ធ្វើឱ្យសង្គមជាតិបែកបាក់ដើម្បីផ្តល់ភាពងាយស្រួល បង្កចលាចលសង្គម និងទាញការជ្រៀតជ្រែកបរទេស ជាចៅហ្វាយរបស់ពួកគេចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដោយបានឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយចៅហ្វាយបរទេសរបស់ខ្លួនវិទ្យុអាស៊ីសេរី ដោយញុះញង់ថា «យើងគួរតែរឹបអូសទ្រព្យសម្បត្តិនៃចោរលួចជាតិ ដើម្បីយកមកសងប្រជារាស្ត្រខ្មែរវិញជាពិសេសយកមកសងបំណុល ជំនួសប្រជារាស្ត្រក្រីក្រដែលជំពាក់ធនាគារវណ្ឌកនៅប្រទេសកម្ពុជា»។

នេះគឺជាការបង្ហាញយ៉ាងច្បាស់ថាទណ្ឌិត សម រង្ស៊ី ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់គុកជាច្រើនឆ្នាំក្នុងសំណុំរឿងជាច្រើនករណី បាននិងកំពុងប្រើប្រាស់នយោបាយប្រជាភិថុតិ លួងលោម បោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់នៅរៀងរាល់រដូវបោះឆ្នោត។ សម រង្ស៊ី និងគូកន ក៏បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយម មានន័យថា ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។

ទាំងនេះគឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពកលរដ្ឋបច្ចុប្បន្ន ព្រមទាំងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ព្រោះនយោបាយប្រជោបាយនិយមនេះនឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។

អ្នកនយោបាយចាញ់ចាស់វស្សារូបនេះហ៊ានធ្វើអ្វីៗទាំងអស់ ដោយមិនគិតពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនក្នុងបំណងគ្រាន់តែបំពេញមហិច្ឆតារបស់ខ្លួន ដែលចង់បានអំណាចមកគ្រប់គ្រងក្នុងដៃហ៊ានលេបសម្តីខ្លួន ក្បត់ពាក្យសន្យាចំពោះប្រជាពលរដ្ឋដែលបានថ្លែងនៅក្នុងរដ្ឋសភានៅអំឡុងឆ្នាំ២០១៤ ពេលចាប់ផ្តើមវប្បធម៌សន្ទនាថា ខ្លួននឹងលុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួន សងសឹកគ្នា បានសេចក្ដីថា ត្រូវបញ្ចប់នយោបាយ «ទឹកឡើង ត្រីស៊ីស្រមោចទឹក ហោចស្រមោចស៊ីត្រី» និងលុបបំបាត់ចោល នូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយមជាដើម។ ការឃោសបែបបញ្ឆេះកំហឹង និងញុះញង់ឱ្យមានការបែកបាក់ជាតិខ្មែរ ប្រកាន់និន្នាការនយោបាយនេះត្រូវបាន សម រង្ស៊ី និងកឹម សុខា ប្រើប្រាស់យ៉ាង សកម្មក្នុងការឃោសនាបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០១៣ ហើយ ៥ ឆ្នាំក្រោយមក ក្រុមជនក្បត់ជាតិទាំងនេះនៅតែយកអ្វីដែលខ្លួនសន្យា បំបាត់ចោលមកឃោសនាបោកប្រាស់ និងបំផ្លាញការបោះឆ្នោត។

នេះពិតជា មិនមែនលើកទី១ ឡើយដែល សម រង្ស៊ី បានភូតកុហក បោកប្រាស់រាស្ត្រខ្មែរ និងនិយាយញុះញង់ឱ្យមានការបែកបាក់ជាតិខ្មែរ ពោលគឺចាប់តាំងពី សម រង្ស៊ី ឈានជើងជាន់ដីខ្មែរ នៅដើមឆ្នាំ ១៩៩០ កូនជនក្បត់ជាតិ សម សារី រូបនេះត្រូវបានអង្គការសហប្រជាជាតិដែលមករៀបចំការបោះឆ្នោត ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានព្រមានរួចមកហើយ ពេលដែល សម រង្ស៊ី ឃោសនាបែបញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍។
នៅក្នុងជីវិតនយោបាយរបស់ខ្លួននៅកម្ពុជាតាំងពីចាប់ផ្តើមរហូតមកទល់នឹងពេលដែលគ្មានទីតាំងឈរជើងនយោបាយ សម រង្ស៊ី គ្មានចេះអ្វីក្រៅពីការយកការញុះញង់ និងបញ្ឆេះកំហឹង ជាតិសាសន៍ និងការបំបែកបំបាក់ជាតិ មកធ្វើជាការឃោសនានយោបាយឡើយ។ សម រង្ស៊ី បានខិតខំបំបែកបំបាក់កម្ពុជាជាថ្មីម្តងទៀត ដូចជាអ្វីដែលឪពុកខ្លួនបានធ្វើពីអតីតកាល និងបន្តមកដល់ សម រង្ស៊ី ខ្លួនឯងនៅក្នុង ពេលនេះ។ ទោះខំប្រឹងយ៉ាងណា ទំនងវាសនារបស់ សម រង្ស៊ី ដែលពូកែភូតភរបោកប្រាស់ និងញុះញង់នេះ ក៏នឹងមិនខុសពីឪពុកខ្លួនឡើយ អាចនឹងត្រូវស្លាប់ចោលឆ្អឹងនៅលើក្រៅប្រទេស ដោយសារតែមូលហេតុតែមួយដូចគ្នាគឺក្បត់កម្ពុជា។

កម្ពុជាដែលមិនអាចឱ្យក្រុមជនក្បត់ជាតិ ឧទ្ទាមក្រៅច្បាប់បំផ្លិចបំផ្លាញស្រេចតែ នឹងចិត្តនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយត្រូវការពារឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបាន ដោយលំបាកបំផុតនេះ៕

ដោយ៖ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨